Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងទីក្រុងឆ្លាតវៃ នៅក្រុងសៀមរាប នៅតែបន្តអនុវត្ត ដោយមិនរង់ចាំចប់​ជំងឺ​កូវីដ-១៩ ឡើយ

សៀមរាប៖ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បញ្ចប់យ៉ាងណាក៏ដោយ​ ក៏គម្រោងទីក្រុងឆ្លាតវៃ នៅក្រុងសៀមរាប នៅបន្តអនុវត្ត គឺមិនអាចអាក់ខានបានឡើយ។ អាជ្ញាធរខេត្តសៀម​រាប និងដៃគូមកពីប្រទេសជប៉ុនចំនួន២ គឺទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានបើកកិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំ និងអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាបខេត្តសៀមរាបនេះនៅថ្ងៃទី៣០ ខែសីហានេះ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៏ថា បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណងាយស្រួលជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

អភិបាលខេត្តសៀមរាប បានបន្តថា ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀម​រាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្ត ក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅ JICA ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប JICA បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

ស្របតាមការស្នើសុំពីខេត្តសៀមរាបនេះដែរ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះ ហើយនឹងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារ ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវបន្ទាប់ពីភាគីខេត្តសៀមរាប និងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិនមានការរង់ចាំ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ៕

×