អន្តរការីប្រធានាធិបតីពិសេសទី១ របស់សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកអាកាសធាតុ លោក ចន ឃឺរី (John Kerry) បាននិយាយកាលល្ងាចម្សិលមិញថា ប្រទេសចិនត្រូវការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយសារធាតុកាបូនដើម្បីជួយទប់ស្កាត់ដល់ការកើនឡើងនៃកម្តៅនៅលើពិភពលោក។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា លោក ចន ឃឺរីបានប្រាប់ទៅកាន់អនុប្រធានាធិបតីចិនលោក ហាន ស៊ាងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញថា គ្មានផ្លូវណាដែលដោះស្រាយវិបត្តិអាកាសធាតុដោយគ្មានការចូលរួមយ៉ាងពេញទំហឹង និងការប្តេជ្ញាពីចិននោះទេ។ ជាក់ស្តែង ប្រទេសចិនគឺប្រទេសមួយដែលបានបញ្ចេញសារធាតុកាបូនធំជាងគេនៅលើពិភពលោក ដោយការផលិតមានបរិមាណប្រមាណ២៧ភាគរយនៃឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក និងតាមដោយសហរដ្ឋអាមេរិក។
បច្ចុប្បន្ន លោក ឃឺរី គឺស្ថិតនៅក្នុងទីក្រុងកំពង់ផែ Tianjin ភាគខាងកើតនៃប្រទេសចិន ដើម្បីធ្វើការពិភាក្សាគ្នាជុំវិញប្រសិទ្ធភាពទប់ស្កាត់ការកើនឡើងនូវក្តៅក្នុងបរិយាកាស ដោយមិនឱ្យកើតឡើងច្រើនជាង ១.៥អង្សាសេជុំវិញកម្រិតមុនឧស្សាហកម្ម។
ប្រសិទ្ធភាពនៃការបញ្ឈប់ការបញ្ចេញកាបូនជាសាកលនឹងអាចទៅមុខបានក្រោមការយកចិត្តទុកដាក់នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិដែលនឹងត្រូវរៀបចំឡើងនៅទីក្រុង Glasgow ប្រទេសស្កុតឡែន នៅចុងខែវិច្ឆិកាដែលត្រូវបានគេស្គាល់ថា COP26។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឃឺរីបានសង្កត់ធ្ងន់ពីសារៈសំខាន់ចំពោះពិភពលោកក្នុងការចាត់វិធានការលើបញ្ហាអាកាសធាតុក្នុងទសវត្សន៍នេះ ក៏ដូចជា ពង្រឹងមហិច្ឆតាអាកាសធាតុនៅលើពិភពលោក។
មន្ត្រីរបស់ប្រទេសចិនបានប្រាប់កាសែត ចិនស៊ិនហួរ ដោយដកស្រង់សម្តីថា លោក ហាន បានប្រាប់ទៅកាន់លោក ឃឺរីថា ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងក៏បានទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរ។
ក្នុងនោះ លោកហានក៏បានថ្លែងថា ចិនសង្ឃឹមភាគីអាមេរិកថានឹងអាចបង្កើតកាលៈទេសៈសមស្របសម្រាប់ចូលរួមដោះស្រាយការបម្រែបម្រួលអាកាសធាតុអាស្រ័យទៅលើស្មារតីនៃកិច្ចសន្ទនាររវាងមេដឹកនាំរបស់ពួកគេទាំងពីរ។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងធ្លាប់ត្រូវបានជាប់គាំងដោយសារមានជម្លោះជុំវិញពាណិជ្ជកម្ម បច្ចេកវិទ្យា និងសិទ្ធមនុស្ស។ យ៉ាងណាមិញ ភាគីទាំងពីរបានកំណត់អត្តសញ្ញាណនៃវិបត្តិអាកាសធាតុថាតំបន់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនក្នុងការចូលរួមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ឡើងវិញ។
លោក បៃដិន បានប្រកាសអំពីគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ៥២ភាគរយនៅត្រឹមឆ្នាំ២០៣០ ដែលជាគោលដៅទ្វេដង ខណៈប្រធានាធិបតី ប៉ារ៉ាក អូប៉ាម៉ា បានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ គោលដៅសម្រាប់ឆ្នាំ២០៣០ នឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសឈានមុខគេលើមហិច្ឋតាអាកាសធាតុ៕
ប្រភព៖ PNR News