Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២១-២០៣០

spot_img

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២១-២០៣០។

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង បាននឹងកំពុងសហការជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងក្រសួងបរិស្ថាន ដើម្បី អនុវត្តគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ក្រោមជំនួយឧបត្ថម្ភពីមូលនិធិបរិស្ថានពិភពលោក បាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពី “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២១-២០៣០” ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានតំណាងចូលរួមមកពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍សរុបចំនួន ១០០នាក់។

សេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២១-២០៣០ ត្រូវបានរៀបចំដោយក្រុមជំនាញរបស់ អង្គការ UNIDO ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពធនធាននៅក្នុងផ្នែកកម្មន្តសាលនៅកម្ពុជា ដោយត្រូវបានធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាច្រើនដងមកហើយ ដោយមានតំណាងចូលរួម មកពីអន្តរក្រសួងពាក់ព័ន្ធ វិស័យ ឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដោយបានផ្តល់ជាធាតុចូលសំខាន់ៗ រហូតទទួលបាន សេចក្តីព្រាងចុងក្រោយ ដើម្បីធ្វើការផ្ដល់ជាធាតុចូលបន្ថែម និងទទួលនូវអនុសាសន៍ល្អៗពីអ្នកចូលរួមនៅក្នុងកម្មវិធី នេះ។

ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត គឺជាទំនាក់ទំនងរវាងផលិតផល និងធនធានដែលបានដាក់ បញ្ចូលគ្នា។ វាបង្ហាញពីរបៀបដែលធនធានត្រូវបានប្រើដើម្បីបន្ថែមតម្លៃសេដ្ឋកិច្ច។ ពាក្យ” ធនធាន” រួមមានវត្ថុធាតុ ដើម ថាមពល ទឹក និងវត្ថុធាតុប្រតិបត្តិការ ទាំងអស់ដែលត្រូវការសម្រាប់ការបង្កើតចេញជាផលិតផល។ ដូច្នេះការ កែលំអប្រសិទ្ធភាពធនធាន ទាក់ទងនឹងការកាត់បន្ថយវត្ថុធាតុដើម ថាមពល វត្ថុធាតុប្រតិបត្តិការ និងការកាត់បន្ថយ កាកសំណល់ជាអប្បបរមាពីព្រោះកត្តាទាំងនេះមានទំនាក់ទំនងគ្នា។

ក្រៅពីបង្កើនប្រាក់ចំណេញ ប្រសិទ្ធភាពធនធានក៏អាចដោះស្រាយសក្តានុពលនៃការច្នៃប្រឌិត និងការរីក ចម្រើនក្នុងវិស័យឧស្សាហកម្មផងដែរ ដោយជំរុញឱ្យមានការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ និងជំរុញការបង្កើតការងារ ហើយអាចធ្វើឱ្យប្រសើរឡើងនូវការបង្កើតច្រវាក់តម្លៃនៅទូទាំងវដ្ដជីវិតទាំងមូលរួមទាំងដំណើរការផលិតកម្ម ការ រចនាផលិតផលដែលមានប្រសិទ្ធភាពអេកូឡូស៊ី ការកែច្នៃ និងប្រើប្រាស់ឡើងវិញនូវសំណល់។ ទោះយ៉ាងណា វិសាលភាពនៃផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម នឹងត្រូវបានកំណត់ចំពោះតែការកែលម្អប្រសិទ្ធភាពក្នុងដំណើរការ ផលិតដែលកាត់បន្ថយការប្រើប្រាស់ធនធាន និងការបង្កើតកាកសំណល់នៅប្រភពដើម។

ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនេះ គឺដើម្បីបញ្ជ្រាបគោលគំនិត និងការអនុវត្តជាក់ស្តែងរបស់ ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតក្នុងប្រតិបត្តិការឧស្សាហកម្មប្រចាំថ្ងៃក៏ដូចជាការរចនា និងការផ្ដល់កម្មវិធី សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

ផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពនេះមានយុទ្ធសាស្ត្រអាទិភាពសំខាន់ៗគឺ ដើម្បីពង្រឹងបទប្បញ្ញត្តិ បទដ្ឋានគតិយុត្តិ និងការរាយការណ៍ប្រមូលទិន្នន័យ លើកកម្ពស់គំរូកម្មវិធីប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ឱ្យកាន់តែរីកចម្រើន មានវិសាលភាពធំ ជំរុញការច្នៃប្រឌិត សហគ្រិនភាព និងការពង្រឹងសមត្ថភាពដើម្បីអនុវត្ត ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត។

សម្រាប់ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមគឺមានរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ។ ផែនការ រយៈពេល ១០ ឆ្នាំត្រូវបានបែងចែកជា ៣ ដំណាក់កាល រយៈពេលខ្លី (២០២១ – ២០២៣), រយៈពេលមធ្យម (២០២៣ – ២០២៧) និងរយៈពេលវែង (២០២៧ – ២០៣០) ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×