ខេត្តកំពង់ធំ ៖សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ដែលបានបាញ់សម្លាប់ប្តីប្រពន្ធពីរនាក់បានហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ក្រោយពេលពួកគេធ្វើសកម្មភាពបាញ់ប្រហារកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ជនសង្ស័យមិនបានឆ្លើយសារភាពការពិតទេ ចេះតែឆ្លើយបង្វែងដានតែមានចំណុចមួយចំនួនក៏ជាប់ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ។
តែសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា៖ យោងតាមការចុះស្រាវជ្រាវជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់រកឃើញថា វាជារឿងគំនុំដោយសារតែពីមុនមកជនសង្ស័យឈ្មោះ អៀង ពន ភេទប្រុស អាយុ៤៣ឆ្នាំ កាលពីមុនគឺជាអ្នកមើលការខុសត្រូវនៅក្នុងរោងចក្រកៅស៊ូក្រែបរបស់អាណិកជនខ្មែររស់នៅប្រទេសជប៉ុន។ តែដោយសារតែជនសង្ស័យកាលពីគេនៅធ្វើជាមេការក្នុងរោងចក្រធ្លាប់បានគេងប្រវ័ញ្ចស៊ីលុយចំណេញក្រៅធ្វើឲ្យបាត់បង់ទំនុកចិត្តត្រូវម្ចាស់រោងចក្រដកសេចក្ដីទុកចិត្ត។ លុះក្រោយមកជនរងគ្រោះ២ប្តីប្រពន្ធខាងលើបានមកដេញថ្លៃនៅរោងចក្រនេះរហូតបានក្លាយជាអ្នកមើលការខុសត្រូវក្នុងរោងចក្រកៅស៊ូក្រែបនោះវិញ ។ចំណែកជនសង្ស័យចៅកែឲ្យនៅធ្វើការដដែលតែមិនមានសិទ្ធគ្រប់គ្រង់លុយកាក់ និងការទិញលក់ដូចពីមុនទៀតទេ មិនអាចរកលុយក្រៅបានដែលជាហេតុធ្វើឲ្យជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ។
សមត្ថកិច្ចបន្តទៀតថា៖ ចំណែករឿងគេសារភាពថាប្លន់យកលុយអស់ជាង៣០លាន និងគ្រឿងអលង្ការសរុបជា៥ម៉ឺនដុល្លារវាមិនមែនជារឿងពិតនោះទេ។ ពីព្រោះតាមការស្រាវជ្រាវ កាលពីព្រឹកថ្ងៃកើតហេតុជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានយកលុយចំនួន១៥០លានទៅបង់ឲ្យថៅកែទូរទាត់សងថ្លៃជ័រកៅស៊ូអស់ហើយមានទាំងវិក្កយបត្របញ្ជាក់ទៀតផង។ ដូច្នេះ ករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តរទៀត ក្រែងលរមានជននៅពីក្រោយខ្នងនៃរឿងឃាតកម្មនេះ ៕ ដោយ៖ជាលី