ករណីសមត្ថកិច្ចម្នាក់ទាញអាយកូម ឬ ហៅថា ID វាយទៅលើនារីស្រស់ស្អាតម្នាក់បណ្តាលឲ្យបែ.ក.ក្បាល ឈា.ម.ហូរស្រោចខ្លួន ក្នុងករណីល្មើសច្បាប់ចរាចរណ៍អត់ពាក់ពួកសុវត្ថិភាព ហើយព្យាយាមជិះគេចពីសមត្ថកិច្ច នៅពេលនេះ បានកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គម។
បើតាមប្រភពមួយ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដា Scoopy ស៊េរីឆ្នាំ២០២១ ជាមួយប្អូនប្រុសជាអ្នកឌុប ក្នុងទិសដៅគោលបំណងទៅខួបកំណើតមិត្តភក្តិនៅ Eden Garden ក្នុងបឹងកក់ ប៉ុន្តែ លុះមកដល់គោលដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌមករា ពួកគេក៏បានជិះបកក្រោយគេចពីការផាកពិន័យ ក៏ត្រូវមន្ត្រីនគរបាលម្នាក់ចាំកាក់អ្នកជិះគេច បានយកវិទ្យុទាក់ទង វាយចំនារីរងគ្រោះជិះខាងក្រោយមួយទំហឹង បណ្តាលឲ្យធ្លា.ក់ពីលើម៉ូតូ និងបែ.ក.ក្បាលឈា.ម.ហូរស្រោចខ្លួនតែម្តង។
នារីរងគ្រោះមានឈ្មោះ ងន ស្រីនិច អាយុ ២២ ឆ្នាំ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ ឆ្នាំ។ ចំណែកមន្រ្តីនគរបាលដែលប្រើហិង្សាគឺមានឈ្មោះ ម៉ាត់ ពិសី។
ចំណែកប្អូនស្រីនារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Faa Ly បានសរសេររៀបយ៉ាងឈឺចាប់បែបនេះថា៖ Video នេះវាជ្រុលហួសហេតុពេក ហើយបងខ្ញុំជាស្រី យក ID វ៉ៃបងខ្ញុំធ្លាក់ពីលើម៉ូតូ ឈាមដាបពេញខ្លួន ឆ្ងាយត្រង់ថា វាឃើញបងខ្ញុំ យំ វាថាបងខ្ញុំសម្ដែង ….? ខ្ញុំសុំអោយបងៗ ជួយ Share អោយបានឃើញដល់ថ្នាក់លើជួយរកយុតិ្តធម៌អោយបងខ្ញុំ ផង…! មើលហើយខ្លោចចិត្តខ្លាំងណាស់។
ដោយឡែក បើពិនិត្យតាមរយៈវីដេអូ ដែលគេថតបាន ឃើញថាមន្រ្តីហាក់ញៀនក្នុងការវ៉ៃអ្នកជិះគេចបទល្មើសចរាចរណ៍រូបនេះ គឺពិតជាមានចេតនាទាញ ID វាយក្បាលទៅលើនារីរងគ្រោះយ៉ាងជាក់ស្តែង ខណៈពួកគេបានជិះម៉ូតូបកក្រោយយ៉ាងលឿន ដើម្បីគេចពីសមត្ថកិច្ចដែលកំពុងឈរចាំគោលនៅខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹមហុង


















