ប្រិយមិត្តបានដឹងហើយថា អាជី គឺជាអ្នកលក់ឡេដ៏មានប្រជាប្រិយ និងទទួលបានភាពជោគជ័យខ្លាំងម្នាក់ផងដែរ។ ពិតណាស់មួយរយៈនេះ ជាពិសេសក្រោយភ្ជាប់ពាក្យជាមួយគូដណ្តឹងអាជី ហាក់ឡើងកូដកាន់តែខ្លាំងរហូតទទួលបានការងារធំមួយ គឺធ្វើជាតួឯកថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុនសាច់អាំងចង្កាក់មួយ។
ដោយឡែកថ្មីៗនេះ អាជីបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលផ្តល់បទសម្ភាសន៍ជាមួយនាទីសិល្បករកម្ពុជា ដោយបានប្រាប់ពីតម្លៃខ្លួនថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃមួយខែ ៣ម៉ឺនដុល្លារ ធ្វើឲ្យពិធីករលោក អឹុម ជីវ៉ា ឡើងស្រឡាំងកាំងតែម្តង។
លើសពីនេះទៀត អាជី ក៏បានសម្តែងមោទនភាពសម្រាប់ខ្លួនឡើងអស់ទាស់ថា «មិនបាច់ងូតទឹកក៏ស្អាតដែរ»។ ក្នុងនោះ អាជី បាននិយាយគួរឲ្យភ្ញាក់ផ្អើលថា៖ «និយាយទៅ ខ្ញុំគិតថាខ្ញុំស្អាតបង! ខ្ញុំស្លៀកពាក់អីក៏ស្អាត ហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗ ខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង! ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្អាតដែរ ច៎ា! ។ ចំពោះតារា គេស្អាតបែបគេ ខ្ញុំស្អាតបែបខ្ញុំ និយាយចំទៅ គឺខ្ញុំស្អាតខ្លាំងតែម្តងបង! ខ្ញុំជឿជាក់ខ្លួនឯង ៩៩% គឺក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់…»។
លើសពីនេះ អាជី ក៏បានអះអាងថា តាំងពីក្បាលដល់ចុងជើង គឺធម្មជាតិសុទ្ធសាធស្អាតអត់កែអ្វីទាំងអស់។ ប៉ុន្តែ បានសារភាពត្រង់ៗថា មួយតួខ្លួននាងគឺគីមីតែស្បែកទេ ព្រោះតាំងដើមកំណើតមក សម្បុររបស់នាងខ្មៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






