Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានអនុស្សាវវរីយ៍នយោបាយ ឈ្នះ-ឈ្នះ គ្រោងបើកចូលទស្សនាឡើងវិញ នៅពាក់កណ្តាលខែនេះ

ភ្នំពេញ៖ វិមានអនុស្សាវវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅចំពីមុខពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបើកឱ្យមហាជនចូលទស្សនា និងសិក្សាស្រាវជ្រាវឡើងវិញនាពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបិទខ្ទប់បណ្តោះអាសន្នអស់រយៈពេលជាច្រើនខែ អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

តាមការណែនាំរបស់គណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ក៏ដូចជាការណែនាំដោយផ្ទាល់ពីក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមាន ឈ្នះ ឈ្នះ ក្នុងការបើកដំណើរការឡើងវិញ ឱ្យមហាជនចូលទស្សនា ប៉ុន្តែត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ពាក់ម៉ាស ជាពិសេសការអនុវត្តិវិធានការ ៣ការពារ និង៣កុំ។

ការបើកដំណើរការវិមាន ឈ្នះ ឈ្នះ ឡើងវិញនេះ ក្រុមការងារក៏បានខិតខំធ្វើអនាម័យ-ជួសជុល និងថែទាំ នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះដូចជាដូចជាកាត់ស្មៅ ជួសជុលឥដ្ឋការ៉ូ ម៉ាប កាំជណ្តើរ សម្អាតផ្លូវដើរតាមសួនច្បារ ចេញ-ចូលវិមាន និងស្រោចទឹកសួនច្បារជាដើម។ ចំណែកនៅអាងបាញ់ទឹក ក្រុមការងារវិមាន ឈ្នះ ឈ្នះ បានប្រមូលសំរាម សម្អាតស្លែ ដែលនៅជាប់ផ្ទៃអាងទឹក ស្លែជាប់ទុយោ និងភ្លើងបំភ្លឺ នៅក្នុងអាងបាញ់ទឹកដោយធ្វើការបាញ់ទឹកជូតលាងសម្អាតឡើងវិញ។ រីឯនៅក្នុងសារមន្ទីរមគ្គុទេសក៍សម្តេចតេជោ ដែលបានដាក់តាំងបង្ហាញផ្ទាំងគំនូរស្តីពី ប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងមានតាំងរូបថត ផ្ទាំងគំនូរ និងដាក់តាំងសម្ភារផ្សេងៗរបស់សម្តេចតេជោ ដែលបានប្រើប្រាស់កាលពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និងបង្ហាញពីភូមិសាស្ត្រនៃការអនុវត្តិនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងយោធភូមិភាគទី៣ ទី៤ និងយោធភូមិភាគទី៥ ត្រូវបានក្រុមការងារវិមាន ឈ្នះ ឈ្នះ ធ្វើការបោសជូត សម្អាត បូមធូលី ឱ្យបានល្អស្អាតឡើងវិញ។

សូមបញ្ជាក់ថា វិមានអនុស្សាវវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ក្រោយពីបានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានទទួលការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិត សិស្សានុសិស្ស នៅទូទាំងប្រទេស ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ បានចូលមកទស្សនា ផ្តិតយករូបភាព សំណង់ប្រវត្តិសាស្ត្រមួយនេះ  ដើម្បីយកទៅទុកជាអនុស្សាវរីយ៍ ជាបន្តបន្ទាប់៕

×