នេះជាការគួរឲ្យសោកស្តាយ និងស្ទើរតែមិនគួរឲ្យជឿ ជាពិសេសសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមជាមិត្តភក្តិ នៅពេលដែលបានទទួលដំណឹងដ៏ក្រៀមក្រំថា យុវតីជានិស្សិតខ្មែរម្នាក់កំពុងរៀនអាហារូបករណ៍នៅប្រទេសចិន ដែលត្រូវជាមិត្តភក្តិរបស់ពួកគេ បានទទួលមរណភាពទាំងនៅវ័យក្មេងបែបនេះ។
បើមិត្តភក្តិរបស់នាងបានបញ្ជាក់ប្រាប់តាមរយៈខមិនឲ្យដឹងថា និស្សិតជាន់ខ្ពស់ម្នាក់បានប្រាប់ថា នាងមានបញ្ហាជំងឺបាក់ទឹកចិត្ត Depression ហើយមិនញ៉ាំមិនគេងគ្រប់គ្រាន់ ខណៈប្រភពខ្លះទៀតថា មុនពេលនាងទទួលមរណភាព នាងប្រាប់ថា សុខជាធម្មតា តែមិនសូវល្អជាទេ ព្រោះបញ្ហាស្ត្រេសបន្តិចបន្តួច ដោយសារតែការសិក្សារៀន Software ច្រើនពេក។
តែទោះយ៉ាងណា ប្រភពពីមិត្តភក្តិរបស់នាង ពុំទាន់បញ្ជាក់លម្អិតជុំវិញការស្លា.ប់របស់នាងដោយសារបញ្ហា Depression នេះនៅឡើយទេ ព្រោះពុំទាន់ដឹងមូលហេតុច្បាស់។
តែបើតាមលិខិតរំលែកទុក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានផ្ញើទៅកាន់គ្រួសារសព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពិតជាមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សា នៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




