Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ គណៈកម្មការធិការប្រឆាំងសារធាតុដូប៉ា នៃកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រឆាំងសារធាតុដូប៉ា នៃកម្ពុជា តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ ដើម្បីបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងរបស់ទីភ្នាក់ងាជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ប្រកបដោយភាពទទួលខុសត្រូវ។
ធានាដល់ឯករាជ្យភាពក្នុងកិច្ចប្រតិបត្តិការសកម្មភាព ប្រយុទ្ធប្រឆាំងនឹងសារធាតុដូប៉ាក្នុងវិស័យកីឡា។ លុបបំបាត់ការប្រើប្រាស់សារធាតុ និងវិធីហាមឃាត់ក្នុងវិស័យកីឡាកម្ពុជា។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការប្រឆាំងសារធាតុដូប៉ា នៃកម្ពុជា (គ.ប.ជ.ក) នឹងអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
នេះជាទំព័រថ្មីមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិផ្សេងៗនៅកម្ពុជា អោយបានជោគជ័យ ត្រូវតែមាន គ.ប.ជ.ក នេះឯង ព្រោះទំហំការងារគឺធំធេងណាស់ និងពាក់ព័ន្ធការងារផ្លូវច្បាប់ផង ដូចមាននៅ ក្នុងសេចក្តីព្រៀងអនុក្រឹត្យ ខាងក្រោម ៖

  • រៀបចំកម្មវិធីអប់រំ និងសិក្សាស្រាវជ្រាវប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា
  • ផ្សព្វផ្សាយបទប្បញ្ញត្តិផ្សេងៗ និងអភិវឌ្ឍវិធានការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា
  • ប្រមូលសំណាក និងត្រួតពិនិត្យសារធាតុដូប៉ាក្នុងចំណោមកីឡាករ កីឡាការិនី
  • ផ្សព្វផ្សាយបញ្ជីសារធាតុ និងវិធីសាស្រ្តហាមឃាត់ក្នុងវិស័យកីឡា
  • ពិនិត្យការផ្ដល់ការលើកលែងប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល
  • តាមដាន និងត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិ និងក្រុមទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក
  • រៀបចំរបាយការណ៍ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងនឹងដូប៉ា ជូនអង្គការ UNESCO និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ
  • ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា
  • តាមដាន ពិនិត្យ និងវាយតម្លៃលើការអនុវត្តការប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡានៅតាម ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ
  • ធ្វើរបាយការណ៍ពីលទ្ធផលវឌ្ឍនភាពការប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ជូនរាជរដ្ឋាភិបាលកម្ពុជា
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ស សុខា បានបន្តថា ទំហំការងារនេះ ពិតជាធំធេងណាស់ ពិសេសត្រូវសហការជាមួយផ្នែកពាក់ព័ន្ធ នៅក្នុងស្រុក ដើម្បីបង្ហាញភាពស្អាតស្អំនៅក្នុងវិស័យកីឡារបស់យើង ទៅលើឆាកអន្តរជាតិ និងបង្ហាញពីភាពស្អាតស្អំអំពីអត្តពលិកដែលត្រូវមកប្រកួត លក្ខណៈអន្តរជាតិនានានៅកម្ពុជាទៀតផង។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការបង្កើតគណៈកម្មាការប្រឆាំងដូប៉ាក្នុងវិស័យកីឡា មានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងរបស់ទីភ្នាក់ងាជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ប្រកបដោយភាពទទួលខុសត្រូវ។ ធានាដល់ឯករាជ្យភាពក្នុងកិច្ចប្រតិបត្តិការសកម្មភាពប្រយុទ្ធប្រឆាំងនឹងសារធាតុដូប៉ាក្នុងវិស័យកីឡា។ លុបបំបាត់ការប្រើប្រាស់សារធាតុ និងវិធីហាមឃាត់ក្នុងវិស័យកីឡាកម្ពុជា។ ធ្វើឲ្យស្ថាប័នេះមានលទ្ធភាពបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាពដើម្បីលើកស្ទួយកិត្តិត្យានុភាព និងកិត្តិយសជាតិលើឆាកអន្តរជាតិ និងលើកកម្ពស់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សូមជមករាបថា នាពេលកន្លងមក ស្ថាប័ននេះគឺស្ថិតក្រោមគណៈកម្មាធិការជាតិអូឡាំពិក ជាបណ្ដោះអាសន្ន តាំងពីឆ្នាំ២០០៨ ហើយរហូតដល់ឆ្នាំ២០១២ ទើបក្រសួងអប់រំយុវជន និងកីឡា បានចេញប្រកាសស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ហៅថា “CADA” ជាការិយាល័យ ស្ថិតនៅក្រោមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×