ភាគហ៊ុនហ្ក្រេនធ្វីន (GTI) ជាភាគហ៊ុនតែមួយគត់ដែលមានកំណើននៅថ្ងៃអង្គារម្សិលមិញនេះ ចំនួន ៨០រៀល មកបិទនៅថ្លៃ ៤.៥០០រៀល។
យ៉ាងណាមិញ ភាគហ៊ុន អេស៊ីលីដា (ABC) មានការធ្លាក់ចុះខ្ពស់ជាងគេចំនួន ៦០រៀល មកនៅត្រឹម ១១.៤៨០រៀល ក្នុងមួយហ៊ុនទោះបីជាភាគហ៊ុននេះ បានគ្របដណ្តប់ដល់ទៅ ៩៣ ភាគរយ នៃតម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលដែលមានចំនួន ៥៩៣,៥១ លានរៀលក៏ដោយ។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) រក្សាតម្លៃថេរ។
គួរឲ្យកត់សម្គាល់ផងដែរ ថាតម្លៃរបស់ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) រក្សាតម្លៃថេរ អស់រយៈពេល ៦ថ្ងៃ ជាប់ៗគ្នា មកហើយ។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ផេសថិក (PEPC) មានការថយចុះមួយក្រិតចំនួន ១០ រៀល ខណៈដែល DBDE នៅលើទីផ្សារកំណើនបានថយចុះ ២០រៀល។ ភាគហ៊ុន DBDE មានតម្លៃជួញដូរចំនួន ៦៣,៦២លានរៀលនៅថ្ងៃអង្គារនេះ។ ការធ្លាក់ចុះថ្លៃភាគហ៊ុនទីផ្សារគោលបាននាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពូជា ធ្លាក់ចុះ ០,៣២ ភាគរយ មកត្រឹម ៥០៣,១៣ ពិន្ទុ៕