និយតករអនាម័យប្រេស៊ីលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនចិនស៊ីណូវ៉ាកចំនួន ១២,១ លានដូស បន្ទាប់ពីដឹងថាដបវ៉ាក់សាំងនេះត្រូវបានចាក់បំពេញដោយផ្អែកលើមូលដ្ឋានផលិតកម្ម ដែលគ្មានការអនុញ្ញាត។
និយតករប្រេស៊ីលដែលបានប្រកាសសេចក្តីសម្រេចនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ការផ្អាកគឺមានរយៈពេល ៩០ ថ្ងៃ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ ទីភ្នាក់ងារនេះបាននិយាយថា វិទ្យាស្ថានប៊ូតានតានជាមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រសៅប៉ូឡូ ដែលបានសហការជាមួយក្រុមហ៊ុនស៊ីណូវ៉ាកដើម្បីចាក់វ៉ាក់សាំងសម្រាប់ការប្រើប្រាស់ក្នុងតំបន់បានជូនដំណឹងដល់ក្រុមហ៊ុនអានីវ៉ាសា អំពីភាពមិនប្រក្រតីមុនមួយថ្ងៃ។
និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមទៀតថា៖« អង្គភាពផលិតដែលទទួលខុសត្រូវចំពោះការប្រើប្រាស់វ៉ាក់សាំងនេះមិនត្រូវបានត្រួតពិនិត្យ និងមិនត្រូវបានអនុម័តនោះទេ» ។ ដូច្នេះចាំបាច់ត្រូវអនុម័តវិធានការបណ្តោះអាសន្នដើម្បីចៀសវាងកុំឱ្យប្រជាជនប្រឈមមុខនឹងហានិភ័យដែលអាចកើតមាន។
ក្រុមហ៊ុន អានីវីសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ផែនការចែកចាយវ៉ាក់សាំងចំនួន ៩ លានដូសទៀតនឹងត្រូវបញ្ឈប់ផងដែរ ព្រោះថ្នាំទាំងនោះត្រូវបានគេចាក់បំពេញនៅកន្លែងដែលមិនត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរសុខាភិបាលត្រឹមត្រូវ។
អាជ្ញាធរប្រេស៊ីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ហើយក្រុមហ៊ុនវ៉ាក់សាំង ស៊ីណូវ៉ាក់ក៏មិនបានឆ្លើយតបភ្លាមៗដែរ ប៉ុន្តែក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះបានស្តីបន្ទោសការពន្យារពេលនៃការដឹកជញ្ជូនដោយសារបញ្ហារាំងស្ទះការផលិត និងមូលហេតុ ការិយាល័ធិបតេយ្យ ដូចជាអាជ្ញាប័ណ្ណនាំចេញជាដើម។
ជាក់ស្តែង ការព្យួរនេះបន្ថែមភាពច្របូកច្របល់ជាលក្ខណៈទូទៅ ជុំវិញការចាក់វ៉ាក់សាំងនៅប្រទេសប្រេស៊ីលដែលបានពឹងផ្អែកទៅលើវ៉ាក់សាំងស៊ីណូវ៉ាករបស់ចិន សម្រាប់ការចាក់ថ្នាំបង្ការមេរោគកូវីដ១៩។
គួររំលឹកផងដែរថា មនុស្សវ័យចាស់នៅប្រទេសប្រេស៊ីលបានសម្តែងការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ីណូវ៉ាក ប្រឆាំងនឹងមេរោគបំប្លែងថ្មីប្រភេទ(ដែលតា) បាននាំឱ្យអាជ្ញាធរសុខាភិបាលចាប់ផ្តើមគ្រប់គ្រងប្រជាជនវ័យចំណាស់ ដោយចាក់វ៉ាក់សាំងដូសទីបីនៅកណ្តាលទីក្រុងកាលពីសប្តាហ៍មុន បើទោះបីជាមានការពន្យារពេលក្នុងការគ្រប់គ្រងដូសទីពីរដល់ប្រជាជនទូទៅក៏ដោយ៕ ប្រភព៖ AP