Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរសោះ! រៀនជិតចប់​ថ្នាក់​នេះ​ហើយ ឆ្លៀត​រក​ស៊ី​អនឡាញ តែ​ខាត​ឡុងចុង ក៏​បែកគំនិត​ប្លន់​ហាងមាស

នេះជារឿងមួយដ៏មិននឹកស្មានដល់ទាល់តែសោះ នៅពេលដែលបានដឹងថា សិស្សស្រីអាយុ ១៧ ឆ្នាំ ម្នាក់ បានប្លន់ហាងមាសបានសម្រេច ដោយប្រើកាំបិតចុងស្រួចភ្ជង់អ្នកលក់ និងបានប្រមូលយកបានខ្សែកមាស ៤៣ ខែ្ស ទម្ងន់ ៣០ បាត។ អំពើប្លន់នេះ គឺបានកើតឡើងនៅក្នុងផ្សារទំនើបដ៏ធំមួយកន្លែង នៅក្នុងទីក្រុង Rattanathibet ខេត្ត Nonthaburi។

សិស្សស្រីជាចោរប្លន់វ័យក្មេងរូបនេះ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌លឿង ស្លៀកខោកងនាវាជើងវែងឆ្លូតស និងពាក់មួកខ្មៅ ត្រូវបានដឹងថា បានកំពុងរៀនថ្នាក់ទី១២ នៅសាលាល្បីមួយ នៅ Don Mueng ទីក្រុងបាងកក។

ក្រោយហេតុការណ៍បានកើតឡើង ប៉ូលីសបានចុះមកអន្តរាគមន៍ភ្លាមៗ និងគ្រប់គ្រងចាប់ខ្លួនចោរស្រីជាសិស្សសាលារូបនេះ ខណៈនាងកំពុងព្យាយាមរត់គេចខ្លួនដល់ច្រកទ្វារចាកចេញ នៃផ្សារទំនើប។

ប៉ូលីសក៏បានរកឃើញភស្តុតាង គ្រឿងអលង្ការមាសដែលនាងបានប្លន់ពីហាងនោះរួមមាន៖ ខ្សែកមាសចំនួន ៤៣ ខ្សែ និងចិញ្ចៀនមាសចំនួន ២ វង់ ដែលមានតំលៃប្រហែល ៤០០,០០០ បាត និងអាវុធសម្រាប់ជាធម្យោបាយប្លន់ គឺមានកាបិតស្រួចមួយប្រវែងជិត ១៨ សង់ទីម៉ែត្រ។

យ៉ាងណាមិញ ចំពោះមូលហេតុ ដែលនាំឲ្យរូបនាងសម្រេចចិត្តធ្វើជាចោរប្លន់បែបនេះ នាងបានសារភាពប្រាប់ប៉ូលីសថា នាងបានចំណាយលុយ ៥ ម៉ឺនបាត ដើម្បីវិនិយោគលើអាជីវកម្មអនឡាញ ប៉ុន្តែ វាមិនដំណើរការសោះ។ ហេតុនេះ ដើម្បីជាដំណោះស្រាយ ចំពោះលុយដែលបានខាតបង់ និងរកលុយបានបន្ថែមទៀត ដើម្បីវិនិយោគបន្ត នាងក៏គិតឃើញគំនិតប្លន់ហាងមាស ដោយយកកាំបិតផ្ទះបាយ ហើយឡើងឡានក្រុងសាធារណៈចេញពីផ្ទះ ទៅកាន់ផ្សារនោះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×