ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំតួកគី និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនង រវាងវិនិយោគិន និងធុរជនកម្ពុជា និងតួកគី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ជំនួបធុរកិច្ចនេះ ផ្តោតលើប្រធានបទសំខាន់មួយចំនួន ដូចជា៖ ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត។
គោលបំណងជំនួបធុរកិច្ចនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងតួរគី នៅមានទំហំតូចនៅឡើយ បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច។ កាលពីនៅឆ្នាំ ២០២០ ពាណិជ្ជកម្មសរុបមានប្រមាណ ៨៨,៨លានដុល្លារ ខណៈកម្ពុជាបាននាំចេញទៅកាន់តួរគី មានទំហំទឹកប្រាក់ ៣៥លានដុល្លារ។ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០០លានដុល្លារអាមេរិក នាពេលឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ជំនួបធរុកិច្ចនេះ ភាគីទាំងពីរកម្ពុជា តួរគី បានលើកឡើងលើប្រធានបទ វិស័យនាំចេញនាំចូល និងឧស្សាហកម្មកសិកម្ម វិស័យវាយនភ័ណ្ឌ និងសំណង់ វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន យានយន្ត ឧស្សាហកម្ម គ្រឿងសង្ហារឹម និងការអប់រំជាដើម៕