Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ៖ ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើន ក្នុងសម័យកូវីដ១៩នេះ

ភ្នំពេញ៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាប ប្រមាណ ២,៥%។

របាយការណ៍ដដែលនេះ បានឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល កើនឡើង ១៧,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ទ្រីលានរៀល ជាមួយអត្រាការប្រាក់ជាមធ្យមប្រចាំប្រមាណ ៣% សម្រាប់ប្រាក់រៀល និងប្រាក់បញ្ញើជាប្រាក់ដុល្លារអាមេរិក ចំនួន ២,៣%។ 

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ការផ្តល់ឥណទានរបស់វិស័យធនាគារភាគច្រើនទៅលើកម្ចីបុគ្គលប្រមាណ ២៣,៤%, កម្ចីការជួញដូររាយ ១៥,៤%, កម្ចីសំណង់ ៩,៧%, កម្ចីការជួញដូរដុំ ៩,៦%, ការជួញដូរអចលនទ្រព្យ ៨,៣%, និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៧,៣%។ ក្រៅពីនេះការផ្តល់កម្ចីទៅលើវិស័យផ្សេងៗទៀត។

ចំណែកឥណទានអតិថិជន មានចំនួន ១៣៧,៦ទ្រីលានរៀល មានការកើនឡើងប្រមាណ ២២,៥% ដោយនៅក្នុងនោះអត្រាការប្រាក់មធ្យមប្រចាំឆ្នាំលើឥណទានជាប្រាក់រៀល គឺមានចំនួន ១០,៤%  និងឥណទានជាប្រាក់ដុល្លារអាមេរិក គឺមានចំនួន ៨,៩%។

គួរបញ្ជាក់ថា បើយោងតាមសមាគមគ្រឹះស្ថានធនាគារនៅកម្ពុជា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២១នេះ គ្រឹះ​ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញបានប្រមាណជាង ៥០ម៉ឺនគណនី ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ៥,៧ពាន់លានដុល្លារ ក្នុងនោះឥណទានសកម្មមានប្រមាណ ៣៩ម៉ឺនគណនី គិតជាទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ៕

×