ប្រិយមិត្ត និងមហាជន ជឿជាក់ថានៅចាំបានហើយ គឺកាលពីអំឡុងឆ្នាំ២០១៩ តារាចម្រៀងដ៏ល្បីឈ្មោះ លោក ចាន់ សម័យ ម្ចាស់បទ «បំភ្លេចអូនមិនបាន» ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើល និងស្ទើរតែមិនចង់ជឿឡើយ ក្រោយបានដឹងថាតារាចម្រៀងសម្រែកស្រួយស្រេសរូបនេះ បែរជាកំពុងជួបប្រទះនូវជីវិតគ្រួសារយ៉ាងលំបាក និងថែមទាំងមានជំងឺប្រចាំកាយទៀតផង។
តែទោះយ៉ាងណា ក្រោយពីបានឃើញ លោក ចាន់ សម័យ ធ្លាក់ខ្លួនបែបនេះ ស្របពេលមានជំងឺពុំអាចចេញច្រៀងរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារដ៏គួរឲ្យអាណិតជាខ្លាំង ឃើញថាមានមិត្តៗក្នុងសិល្បៈជាច្រើន បានជួយជ្រោមជ្រែង ផ្តល់ជាថវិកាជាហូរហែ ដើម្បីឲ្យលោកអាចដោះស្រាយការលំបាកក្នុងគ្រួសារបានខ្លះ និងក៏ដូចផ្តល់កម្លាំងចិត្ត ឲ្យលោកបានវិលត្រឡប់មកកាន់វិថីសិល្បៈវិញផងដែរ។ លើសពីនេះ អ្វីដែលរំភើបជំនួសនោះ លោក ចាន់ សម័យ ក៏បានទទួលអំណោយផ្ទះវីឡាតឿមួយខ្នង ក្នុងបុរី ឡេង ណាវ៉ាត្រា (នៅម្តុំទួលពង្រ) សង្កាត់ចោមចៅ ពីសម្តេច ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់ទៀតនោះ ឬ អាចនិយាយបានថា ជោគវាសនាមនុស្ស មើលឃើញ គឺស្រាប់តែថ្មីៗនេះ បានលេចចេញរូបភាព និងប្រភពបានប្រាប់ឲ្យដឹងថា លោក ចាន់ សម័យ ឆ្នាំ២០២១ នេះ រាសីហាក់ឡើងត្រដែត ដោយលោកបាននិងកំពុងក្តាប់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







