ស្ត្រីម្នាក់បានធ្វើការបាញ់ប្រហារ បណ្តាលឲ្យមនុស្សចំនួន ៣នាក់រងរបួសនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនយូធូប (Youtube) ស្ថិតនៅក្នុងរដ្ឋ California ភាគខាងជើង ក្រោយមកខ្មាន់កាំភ្លើងជាស្ត្រីនោះបានសម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ៤ខែមេសានេះ។
បុរសម្នាក់វ័យ ៣៦ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើ់យគាត់ត្រូវបានគេជឿជាក់ថា គឺជាមិត្តប្រុសរបស់ស្ត្រីខ្មាន់កាំភ្លើង ចំនែកស្ត្រី ២នាក់ទៀតក៏រងរបួសផងដែរ។
ប៉ូលីសមិនទាន់អាចកំណត់អត្ថសញ្ញារបស់ជនសង្ស័យបាននៅឡើយទេ ហើយមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារនេះដែរ។
មុនពេលកើតហេតុ ជនសង្ស័យដែលប្រដាប់ដោយកាំភ្លើងដៃ បានដើរមកជិតរានហាលខាងក្រៅនៃក្រុមហ៊ុនយូធូប និងក្បែរកន្លែងហូបអាហារពេលថ្ងៃត្រង់ រួចហើយជនសង្ស័យនោះក៏បានធ្វើការបាញ់ប្រហារយកតែម្តង។
បើតាមរូបភាពធ្វើការផ្សព្វផ្សាយបានបង្ហាញថា បុគ្គលិករបស់ក្រុមហ៊ុនបានចេញពីកន្លែងធ្វើការរបស់ពួកគេដោយលើកដៃ និងដើរចេញជាជួរផងដែរ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន ឈ្មោះ Chris Dale បានសរសើរចំពោះក្រុមប៉ូលីសដែលបានធ្វើកិច្ចការឆ្លើយតបយ៉ាងលឿនទៅនឹងហេតុការណ៍នោះ។
សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Youtube មានបុគ្គលិកបម្រើការទាំងអស់ប្រហែល ១.៧០០នាក់។ ក្រុមហ៊ុននេះគ្រប់គ្រងដោយក្រុមហ៊ុន Google ៕ សុភ័ក្ត្រ