ដូចដែលមហាជន បានភ្ញាក់ផ្អើលរួចហើយ កាលពីពេលកន្លងទៅថ្មីៗនេះ សុខៗ ស្រាប់តែព្រះសង្ឃ សេង ប៊ុនធឿន បានបង្ហោះរូបគ្រូហ៊ុយ ចៅម៉ែ ជាច្រើនសន្លឹកយ៉ាងប្លែក និងភ្ជាប់សារមានចេតនាលើកតម្លើងហាក់ខុសទំនង ស្របពេលដែលជនរងគ្រោះជាច្រើននាក់ ជាពិសេសតំណាងៗ បានចេញមកទម្លាយខ្ទេចគ្មានសល់ថា ក្រុមហ៊ុនយាយ៣១ រកស៊ីបោកប្រាស់ពួកគាត់ទាំងផលិតផលគ្រឿងសម្អាង និងវត្ថុមង្គលហុងស៊ុយ គឺគ្មានស័ក្តិសិទ្ធខ្មោចយស្អីនោះឡើយ ពោលគឺពួកគាត់បានត្រឹមខាតបង់ទាំងពេលវេលារកស៊ី និងលុយរាប់ពាន់ ម៉ឺនដុល្លារ ឥតប្រយោជន៍ ដោយសារតែជឿលើសម្តីសច្ចៈទៀងត្រង់បោកប្រាស់របស់ ចៅម៉ែ ដែលកំពុងសម្ងំសោយសុខនៅឯប្រទេសថៃ យ៉ាងរំភើយ។
ជាការពិតណាស់ តាមរយៈការផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រះសង្ឃ សេង ប៊ុនធឿន បានលើកឡើងថា ខ្លួនមិនដែលបានស្គាល់នាង ចៅម៉ែ ម្តងណាឡើយ។ ក្នុងជាក់ស្តែង លោកសង្ឃរូបនេះ បានរៀបរាប់ឲ្យដឹងថា៖ «មិនដែលមើល Live គ្រូហុងស៊ុយទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ »។ ក្បួន ហុងស៊ុយ ដែលគាត់លើកឡើងគឺជាមេរៀនរបស់ព្រះពុទ្ធ មានហេតុ បច្ច័យ ផល។ ផលកើតចេញអំពីហេតុ ស្តាប់ហើយយល់ឃើញថា ឧបនិស្ស័យគាត់ ខ្ពស់ណាស់ ជ្រៅជ្រះណាស់ ត្រឹមត្រូវណាស់ បើមិនជឿស្តាប់គាត់ទៅ។ បញ្ជាក់ អាត្មាអត់ដែលស្គាល់គាត់ទេ ប៉ុន្តែអំពើល្អគាត់ ការយល់ដឹងរបស់គាត់ គួរជាទីជ្រះថ្លា និងកោតសរសើរ»។
តែទោះយ៉ាងណា លោកសង្ឃ សេង ប៊ុនធឿន ប្រហែលសង្ស័យភ្លេចនឹកឃើញនូវពាក្យមួយនេះ «បញ្ជាក់ អាត្មាអត់ដែលស្គាល់គាត់ទេ» ស្រាប់តែថ្មីៗនេះ បានបង្ហោះថ្លែងអំណរគុណប្រើពាក្យសុទ្ធតែ «កូនសិស្ស» ក្រោយនាង ចៅម៉ែ ឬយាយ៣១ ប្រគេនបច្ច័យសម្រាប់ថ្លៃព្យាបាលរោគចំនួន ៥០០ ដុល្លារ។
ក្នុងនោះ សង្ឃរូបនេះ ដែលត្រូវមហាជននាំគ្នាព្រលះយ៉ាងចាស់ៗដៃ បានបង្ហោះសារថ្លែងអំណរគុណដល់ ចៅម៉ែ យ៉ាងដូច្នេះថា៖ «លោកគ្រូសូមអរគុណដល់កូនសិស្ស ចៅម៉ែ អគ្គនាយិការក្រុមហ៊ុន វិមានរចនា បានប្រគេនបច្ច័យបួនចំនួន ៥០០ ដុល្លារ ដើម្បីជួយសម្រួលដល់ថ្លៃពេទ្យ និងថ្នាំព្យាបាលរោគរបស់លោកគ្រូ។
សូមកូនសិស្សចៅម៉ែ និងសហការីរបស់ Rachana Palace បានប្រកបដោយសិរីសួស្តី សុភមង្គល ជោគជ័យគ្រប់ប្រការ ឈ្នះអស់រោគា មារទាំងឡាយ បានប្រកបនូវពុទ្ធពរទាំងបួនប្រការ…»។
តាមរយៈនេះ សូមប្រិយមិត្តវាយតម្លៃចុះ តើរវាងព្រះសង្ឃ សេង ប៊ុនធឿន និង ចៅម៉ែ ពិតជាអត់ដែលមានទំនាក់ទំនងជាមួយគ្នាមែនទេ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













