ភ្នំពេញ៖ អាជ្ញាធរសាលារាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនងាយស្រួលប្រមូល ដែលជាការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ និងត្រូវញែកសំរាម សំណល់រឹង ជា២ប្រភេទគឺ សំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។ ចំពោះសំរាមសើម សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ ចំណែកសំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដបត្រូវដាក់ក្នុងថង់ពណ៌ស។
ចំពោះការទុកដាក់សំរាមបានត្រឹមត្រូវនេះ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ ដូច្នេះប្រជាពលរដ្ឋ អាចរកទិញថង់ទាំង២ពណ៌ខាងលើនេះ នៅតាមបណ្តាទីផ្សារនានា និងហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងសំរាមស្ងួត។
យោងតាមការបញ្ជាក់ដោយសាលារាជធានីភ្នំពេញ បានអះអាងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមក ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្ដើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង៣ដែលប្រតិបត្តិការប្រមូលសំរាមនោះគឺ ១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited។ ២ ក្រុមហ៊ុន Mizuda Group Co., Ltd និងទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China)៕