ប្រិយមិត្តបានដឹងហើយ ជុំវិញរឿងរ៉ាវផ្ទុះឡើងកាលពីពេលថ្មីៗនេះ រវាងកំពូលតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា និងតារាចម្រៀងស្រ.កក្រោយ បាន មុន្នីល័ក្ខ ដោយអ្នកនាង ពេជ្ជតា បានចោទប្រកាន់ មុន្នីល័ក្ខ យកបទចម្រៀងអ្នករបស់ខ្លួនជាច្រើនបទ មកច្រៀង Cover ឡើងវិញ ដោយគ្មានការអនុញ្ញាត និងសូម្បីដាក់ឈ្មោះម្ចាស់ដើម ក្នុងនោះមានដូចជាបទ «ជំនោរដើមខែ» ជាដើម។
ក្នុងនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញេីសារមកខ្ញុំ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហេីយនាងក៏បានសូមទោសខ្ញុំ។ ពេលនេះខ្ញុំមិនទាន់ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលេីកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វេីផង ដូច្នេះ ខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប Video បទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូបសិន បេីមិនដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់»។
តែយ៉ាងណាមិញ បើយោងតាមផេកហ្វេសប៊ុកឈ្មោះ ក្រុមព្រះសុរិយា បានធ្វើការបកស្រាយលម្អិតពីប្រភពដើមនៃបទ «ជំនោរដើមខែ» នេះឲ្យដឹងថា៖ «បទ ជំនោរដើមខែ ជាចម្រៀងបែបជនបទស្រុកស្រែដ៏មានប្រជាប្រិយមួយសម្រាប់ប្រជាជនខ្មែរ។ មានអ្នកចម្រៀងល្បីៗមិនតិចជាង១០នាក់នោះទេ បានយកបទនេះមកបកស្រាយ និងចេញផ្សាយជាផ្លូវការដាក់ក្នុងកាសែត ស៊ីឌី ខារ៉ាអូខេ និងបង្ហោះក្នុងបណ្តេញសង្គមយូធូបជាបន្តបន្ទាប់ តាំងពីទសវត្ស៨០ រហូតដល់សព្វថ្ងៃ»។
តាមរយៈការបកស្រាយបញ្ជាក់ពីផេកខាងលើ នោះបទ «ជំនោរដើមខែ» គឺជាសំនៀងដើមរបស់តារាចម្រៀងស្រីជំនាន់ដើម អែម សុខា មិនមែនជាសំនៀងដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា នោះទេ។
គួរបញ្ជាក់ថា អ្នកនាង អែម សុខា កើតនៅឆ្នាំ១៩៥៧ នាស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ អ្នកស្រីបានក្លាយជាអ្នកចម្រៀងមួយរូប នៅក្នុងវង់តន្រ្តីវិទ្យុជាតិ ក្រោមការបង្ហាត់បង្រៀនពីឪពុកចិញ្ចឹមរបស់អ្នកស្រីគឺលោកសាស្រ្តាចារ្យ ម៉ម ប៉ុណ្ណារ៉ាយ។ លោកស្រី អែម សុខា គឺជាភរិយារបស់លោក ម៉ម វីរដ្ឋា ដែលក៏ជាអ្នកចម្រៀង និងតន្រ្តីករដ៏ល្បីល្បាញមួយរូបផងដែរ។ អ្នកស្រីបានទទួលមរណភាពនៅក្នុងអំឡុងខែឧសភា ឆ្នាំ១៩៩៤ ដោយជំងឺបេះដូងរីក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

























