រឿងរ៉ាវអ្នកលក់ឡេ អាជី ឃើញថាបានល្បីខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺល្បីជាមួយមតិមហាជនរិះគន់យ៉ាងចាស់ៗដៃ ក្រោយថ្មីៗនេះ អាជី បានលើកតម្កើងខ្លួនស្អាតបែបធម្មជាតិសុទ្ធសាធ និងអួតថាស្អាតខ្លាំងសឹងគ្មានមនុស្សស្រីណាស្អាតស្មើ ហាក់ជ្រុលហួស ព្រោះតែចង់ទាក់ទាញទីផ្សារថតផ្សាយពាណិជ្ជកម្ម។
ពិតណាស់ ក្រោយរងព្យុះរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ បានធ្វើឲ្យ អាជី ទ្រាំលែងបាន ក៏បានធ្វើការឡាយវីដេអូ ឆ្លើយតបទៅកាន់អ្នករិះគន់ខ្លួនខ្លាំងៗ ហើយក្នុងនោះ អាជី ថែមទាំងបានប្រើពាក្យសម្តីដ៏មិនសមរម្យមួួយចំនួន ដាក់ទៅកាន់ភរិយារបស់តារាចម្រៀង កែវ វាសនា ទៀតផង គឺក្រោយអ្នកនាង លឹម សុគន្ធារី ដែលក៏ជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះម្នាក់ បានផុសរូបខ្លួនឯងបួនប្រាំសន្លឹកលេងសើចថា «ក្នុងចំណោម10នាក់ខ្ញុំស្អាតជាងគេ9នាក់(ហាមសើចណាអ្នកស្អាតជាងខ្ញុំ) ថតទម្លាក់សក់សេះចឹងប្តីអោយ5ម៉ឺន»។
តែទោះយ៉ាងណា នៅទីបំផុត អាជី បានធ្វើការឡាយលើកដៃសំពះសុំទោស ទៅកាន់ភរិយារបស់លោក កែវ វាសនា ដោយនិយាយពាក្យបែបនេះថា៖ «ឲ្យខ្ញុំសុំទោសបងទំាងពីរផង ទំាងបង កែវ វាសនា និងប្រពន្ធបងផ្ទាល់ ព្រោះថាខ្ញុំអត់បានយកបងមកធ្វើប្រធានបទអីទេ គ្រាន់តែពេលហ្នឹងសារព័ត៌មានធ្វើការចុះបំភ្លើស ខ្ញុំគ្រាន់តែឃើញសារព័ត៌មានហ្នឹងហើយខ្ញុំស្មានតែបងទំាងពីរធ្វើការផុសអុីចឹងមែន អុីចឹងឲ្យប្អូនសុំទោស ខ្ញុំអត់មានចេតនាក្នុងការផុសទេ អុីចឹងសង្ឃឹមថាបងឃើញវីដេអូនេះហើយ នឹងអធ្យាស្រ័យឲ្យខ្ញុំ…»។
ជាមួយគ្នានេះផងដែរ ភរិយាលោក កែវ វាសនា ក៏បានបង្ហោះវីដេអូ អាជី បកស្រាយសុំទោសនេះជាសាធារណៈ និងភ្ជាប់សារបញ្ជាក់បន្ថែមទៅកាន់ អាជី ឲ្យដឹងច្បាស់ថា៖ «បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










