ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សព្វផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគូ កាលពីដើមសប្តាហ៍នេះហើយវាបានបង្ហាញថា កូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់មីស៊ីលតាមវិធីពិសេសមួយ គឺបាញ់ចេញពីរថភ្លើង។
របាយការណ៍មួយបាននិយាយថា៖« ការបាញ់មីស៊ីលត្រូវបានតាមឃ្លាំមើល ដោយមន្រ្តីនៃនាយកដ្ឋានដឹកនាំនយោបាយលើកិច្ចការយោធានិងនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវនៃគណៈកម្មាធិការកណ្តាលនៃ WPK និងបុគ្គលិកឈានមុខគេនៃអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិ។
ក្នុងនោះ សមាជលើកទី ៨ នៃគណបក្សបានរៀបចំកងវរសេនាធំមីស៊ីលចល័តផ្លូវដែក ដើម្បីបង្កើនសមត្ថភាពក្នុងការទប់ទល់នឹងកម្លាំងដ៏សាហាវនៅកន្លែងជាច្រើនក្នុងពេលតែមួយក្នុងអំឡុងប្រតិបត្តិការយោធា និងពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងការគំរាមកំហែងគ្រប់ប្រភេទ។ ហើយនេះគឺជាផ្នែកមួយនៃការបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មី» ។
យោងតាមសារព័ត៌មាន The Drive មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះ ដោយប្រើប្រព័ន្ធផ្លូវដែកដែលមិនធ្លាប់មានពីមុន ហើយត្រូវបានគេហៅថា កងវរសេនាធំមីស៊ីលចល័តផ្លូវដែក។ គេហទំព័រនេះបានពិពណ៌នាប្រព័ន្ធថ្មីនេះថា ជាមធ្យោបាយថោកសមរម្យសម្រាប់ប្រជាជនកូរ៉េខាងជើងក្នុងការបាញ់មីស៊ីលបន្ថែមក្នុងវិធីមួយដែលអាចធ្វើឱ្យពួកគេមិនងាយរងការគំរាមកំហែងជាមុនឬប្រឆាំងតបតវិញ។
ទាំងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានពិសោធន៍មីស៊ីលដែលមានមូលដ្ឋានលើរថភ្លើងក្នុងអំឡុងសង្គ្រាមត្រជាក់ដោយសូវៀតបានដាក់ពង្រាយ មីស៊ីលផ្លោងអន្តរទ្វីបផ្លូវដែកចល័តដែលត្រូវបានគេស្គាល់ថាជា RT-23 Molodets” ។
សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមួយកាលពីដើមសប្តាហ៍មុន ចំពោះការបាញ់មីស៊ីលផ្លោងនេះ ខណៈសហរដ្ឋអាមេរិកអំពាវនាវបានអំពាវនាវសារជាថ្មីអំពីការវិលត្រឡប់មកកាន់វិស័យការទូតវិញ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិកថ្កោលទោសចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ការបាញ់បង្ហោះនេះ គឺជាការបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាងកូរ៉េខាងជើង និងសមាជិកសហគមន៍អន្តរជាតិដទៃទៀត។
យើងនៅតែប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តការទូតចំពោះកូរ៉េខាងជើងហើយអំពាវនាវឱ្យប្រទេសនេះចូលរួមក្នុងកិច្ចសន្ទនាមួយដ៏ត្រឹមត្រូវ។ ក្រសួងការបរទេសបាននិយាយថា ការប្តេជ្ញាចិត្តរបស់យើងចំពោះការការពារកូរ៉េខាងត្បូងនិងជប៉ុននៅតែមានភាពរឹងមាំ។ នៅសប្តាហ៍នេះកូរ៉េខាងត្បូង បានសាកល្បងមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក ដែលជាការសាកល្បងផ្ទាល់ដោយលោកប្រធានាធិបតី មូនជេអ៊ីន។
ជាក់ស្តែង ការបាញ់របស់កូរ៉េខាងត្បូងនេះបានទាញការស្តីបន្ទោសយ៉ាងខ្លាំងពីលោកស្រីគីមយ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។ លោកស្រី គីម យ៉ូជុងបាននិយាយថា ប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូងចូលរួមក្នុងការនិយាយបង្កាច់បង្ខូចភាគីម្ខាងទៀតនោះ វានឹងជៀសមិនរួចដែលនឹងនាំឱ្យមានការបំផ្លាញទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង៕ ប្រភព៖ រ៉យទ័រ