ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ប្រគល់ភារកិច្ចដល់ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារភាពជាដៃគូនិងដៃគូអភិវឌ្ឍន៍ (PDWG) នៃអង្គភាពសម្របសម្រួលថ្នាក់ជាតិ (NCB) នៃកម្មវិធីដើម្បីភាពជាដៃគូប្រទេស (Programme for Country Partnership-PCP) តាមប្រព័ន្ធ Video Conference។
កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន NCB និងមានការចូលរួមពីតំណាងអង្គការ UNIDO នៅទីក្រុងវៀនណា នៃប្រទេសអូទ្រីស ដឹកនាំដោយ Mr. Ralf Bredel, Director and UNIDO Representative to UN and International Organizations in New York and Office in charge for Asia Pacific Division, Team Leader of PCP Cambodia។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីប្រគល់ភារកិច្ចដល់ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារភាពជាដៃគូនិងដៃគូអភិវឌ្ឍន៍(PDWG)នៃអង្គភាពសម្របសម្រួលថ្នាក់ជាតិ (NCB) នៃកម្មវិធីដើម្បីភាពជាដៃគូប្រទេស(PCP) ក្នុងយន្តការនៃការអនុវត្តកម្មវិធីដើម្បីភាពជាដៃគូប្រទេស (PCP) ២០២០-២០២៣ នៅព្រះរាជាណាចក្រកម្ពុជាដែលកម្ពុជាជាប្រទេសទី១នៅអាស៊ីប៉ាស៊ីហ្វីក ទទួលបានកម្មវិធីនេះពីអង្គការសហប្រជាជាតិ ជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រេចបានគោលដៅ អភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយ ចីរភាព និងបរិយាប័ន (Inclusive and Sustainable Industrial Development-ISID) ដែលជាគោលដៅអភិវឌ្ឍទី៩របស់អង្គការសហប្រជាជាតិ។
កម្មវិធីដើម្បីភាពជាដៃគូប្រទេសនេះ គ្របដណ្ដប់លើផ្នែកធំៗ២ និងផ្នែកអន្ដរវិស័យចំនួន៥ រួមមាន ផ្នែកទី១ ស្ដីអំពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម រួមទាំងការភ្ជាប់ជាមួយវិស័យទេសចរណ៍ និងផ្នែកទី២ ស្ដីអំពីការធ្វើពិពិធកម្មឧស្សាហកម្ម ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងនវានុវត្តន៍ រួមទាំងផ្នែកអន្ដរវិស័យមួយចំនួន ដែលចែកចេញជា៣៖ (១) វិស័យសេដ្ឋកិច្ច ដែលក្នុងនោះមាន គោលនយោបាយឧស្សាហកម្ម និងស្ថិតិ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព (២) វិស័យបរិស្ថាន ដែលក្នុងនោះមាន ថាមពលប្រកបដោយចីរភាព និងសេដ្ឋកិច្ចចក្រា (Circular Economy) និង (៣) ផ្នែកសង្គម ដែលក្នុងនោះមាន ការផ្ដល់អំណាចទៅស្ដ្រី និងការបង្កើតការងារជូនយុវជន។ ថវិកាសរុបនៃកម្មវិធីដើម្បីភាពជាដៃគូប្រទេស២០២០-២០២៣នេះ ត្រូវបានប៉ាន់ស្មានប្រមាណ ៦០លាន ២២ម៉ឺន ៤ពាន់ដុល្លាសហរដ្ឋអាមេរិក។
អង្គប្រជុំក៏បានស្វែងយល់ពីផែនការសកម្មភាព និងគម្រោងនានាតាមលំដាប់អាទិភាពដែលបាន និងកំពុងអនុវត្ត ហើយនឹងត្រូវអនុវត្តក្រោមកម្មវិធី PCP ដែលបានធ្វើបទបង្ហាញជូនអង្គប្រជុំដោយ លោក សុខ ណារិន តំណាងអង្គការUNIDOនៅកម្ពុជា។
ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន NCB បានផ្តល់អនុសាសន៍ណែនាំដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាសមាជិកក្រុមការងារលេខាធិការដ្ឋាន និងជាពិសេសក្រុមការងារភាពជាដៃគូនិងដៃគូអភិវឌ្ឍន៍(PDWG) ទាំងអស់ឲ្យយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទីនិងភារកិច្ចបានប្រគល់ជូន ដើម្បីអនុវត្តកម្មវិធី PCP ២០២០-២០២៣ ទទួលបានជោគជ័យ។