ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី (FTA) នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ ខណៈការចរចារវាងភាគីទាំងពីរបានបិទបញ្ចប់ កាលពីខែកុម្ភៈ ឆ្នាំ២០២១។
បន្ទាប់ពីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀង នៅខែក្រោយនេះ ទំនិញកម្ពុជាជាង ១ម៉ឺនមុខ នឹងអាចនាំចេញដោយរួចពន្ធ ពេលកិច្ចព្រមព្រៀងចូលជាធរមាន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែរ ដែលជាការខិតខំប្រឹងប្រែងថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការបើកច្រកទីផ្សារសំរាប់នាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្តថា ទីផ្សារកូរ៉េដែលកម្ពុជាសំរេចចរចា បើកច្រកបានក្នុងពេលនេះ នឹងបង្កើនឱកាសថែមទៀតសំរាប់ទំនិញកសិផល, កសិផលកែច្នៃ, វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ, គ្រឿងបន្លាស់, គ្រឿងបង្គុំអេឡិចត្រូនិក, ផលិតផលឧស្សាហកម្មស្រាល, និងផលិតផលផ្សេងទៀតមួយចំនួនធំ ដែលផលិតដោយអ្នកវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។
ទន្ទឹមនឹងនេះក៏បង្កលក្ខណៈងាយស្រួល ដល់ការនាំចូលមកវិញនូវទំនិញអេឡិចត្រូនិក, ថ្នាំពេទ្យ, គ្រឿងបន្លាស់រថយន្ត, និងសម្ភារៈបរិក្ខារ ដែលជាវត្ថុធាតុដើម និងម៉ាស៊ីនឧបករណ៍ផលិតកម្មផ្សេងៗ បំរើអោយការផលិតរបស់យើង ដែលនឹងនាំអោយមានការកើនឡើង នូវផលិតភាពផលិតកម្ម ក៏ដូចជាគុណភាពផលិតផលសំរាប់នាំចេញ។ ទំនិញកម្ពុជា ចំនួនប្រមាណជាង១០០០០ (មួយម៉ឺន) បន្ទាត់ពន្ធនឹងនាំចេញដោយរួចពន្ធ ទៅទីផ្សារកូរ៉េ ដែលចំនួននេះ ទទួលបានលើសពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ»។
ជាមួយគ្នានេះ កិច្ចសម្រួលពាណិជ្ជកម្ម ក៏នឹងត្រូវបានអនុវត្តពេញលេញរបាំងមិនមែនពន្ធផ្សេងៗ រួមទាំងលក្ខខ័ណ្ឌអនាម័យ និងភូត្តគាមអនាម័យ, វិធានប្រភពដើមទំនិញ, ការទទួលស្គាល់ទៅវិញទៅមកអំពីការវាយតម្លៃស្តង់ដារ, បទដ្ឋានផលិត, គុណភាពទំនិញ និងរបាំងបច្ចេកទេសផ្សេងទៀត ក៏ត្រូវបានសំរួល និងលើកលែងសំរាប់លំហូរ ដោយសេរីនូវទំនិញ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េ រំពឹងថានឹងជួយជំរុញឲ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ៧២៩.១៣ លានដុល្លារ កើនឡើងជាង ១៧ ភាគរយ៕