ដូចដែលប្រិយមិត្តបានដឹងហើយ ទាក់ទងករណីដ៏ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈដែលបានឃើញមន្រ្តីប៉ូលីសម្នាក់ បែរទៅដេកទ្រោបលើក្បាលរថយន្ត Prius ១គ្រឿង ដែលធ្វើឲ្យមហាជនចោទឡើងថា ព្រោះតែដើម្បីចង់បានការផាកពិន័យពីប្រជាពលរដ្ឋ ទើបធ្វើឲ្យប៉ូលីសរូបនោះ យកអាយុជីវិតមកប្តូរនឹងស្ថានភាពបែបនេះ។
តែទោះយ៉ាងណា ទាក់ទងករណីខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺឲ្យដឹងថា៖ ករណីដែលមានសារព័ត៌មានជាច្រេីនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលេីដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ : ០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ មន្ត្រីរូបនោះបានលេីកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបេីកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណេីរយឺតៗទៅមុខដោយមិនបានឃេីញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡេីយ ឃេីញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលេីរថយន្តព្រូសនោះ ដេីម្បីចៀសផុសពីការគ្រោះថ្នាក់ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៉ីផ្លេផង ទេីបធ្វេីឲ្យគាត់ស្វាងស្មារតីឡេីងវិញ ហេីយក៏បញ្ឈប់យានយន្ត ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ។
អ្នកបេីកបររូបនោះក៏បានទទួលស្គាល់នូវកំហុស ធ្វេីកិច្ចសន្យា ហេីយក៏បានធ្វេីការថតជាវីដេអូដេីម្បីធ្វេីការបំភ្លឺអំពីដំណេីររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណ:ចំពោះកំហុសដែលកេីតមានឡេីងដោយអចេតនាដោយសារបញ្ហាសុខភាពនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


