រដ្ឋបាលរាជធានីភ្នំពេញ តំណាងដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។
គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ អនុវត្តឡើងក្នុងគោលបំណងធ្វើឱ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញមានភាពប្រសើរឡើងប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍។ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះត្រូវបានណែនាំ និងដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។ តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថាសមត្ថភាពរបស់មន្ត្រីដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និង ការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនឹងត្រូវបានពង្រឹង ហើយព្រមគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
យើងសង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នឹងរួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញ កាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕