អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក ស៊ែត ខាត់ប៊ីហ្សាដេត (Saeed Khatibzadeh )បានប្រកាសថា កិច្ចពិភាក្សាស្តីពីការដំណើរការកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅឆ្នាំ ២០១៥ នឹងចាប់ផ្តើមសារជាថ្មីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការចរចាត្រូវបានផ្អាកកាលពីដើមឆ្នាំ២០២១នេះ។
កិច្ចចរចាដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងវីយែន បានឆ្លងកាត់កិច្ចពិភាក្សាចំនួន ៥ លើករួចមកហើយដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធានានោះទេ ព្រោះភាពខុសគ្នានៅតែមានរវាងអាមេរិកនិងអ៊ីរ៉ង់។
ថ្លែងក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសហូសែនអាមៀ-អាប់ឌុលឡាហៀន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោក ខាត់ប៊ីហ្សា ដេត បានបញ្ជាក់ថា កិច្ចចរចាបន្ថែមនេះនឹង ចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។ ហើយលើកបន្ថែមទៀតថា ការចរចាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមម្តងទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជាក់ស្តែង បើទោះជាមានគម្រោងចរចានាពេលខាងមុខក៏ដោយក៏រដ្ឋមន្ត្រីរូបនេះបានច្រានចោលការផ្តល់យោបល់ពីរដ្ឋមន្ត្រីការបរទេសបារាំងថា ប្រទេសហត្ថលេខីនៃផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងត្រូវជួបប្រជុំគ្នានៅខាងក្រៅព្រឹត្តិការណ៍អង្គការសហប្រជាជាតិបន្ថែមទៀត។
ខណៈពេលដែលអ៊ីរ៉ង់មិនបានចូលរួមការពិភាក្សាជាលក្ខណៈផ្លូវការណាមួយអំពីស្ថានភាពនុយក្លេអ៊ែរជាមួយក្រុម JCPOA។ ប៉ុន្តែលោក អាមៀ-អាប់ឌុលឡាហៀន ក៏ត្រូវមានជំនួបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរ៉េល ក៏ដូចជារដ្ឋមន្រ្តីការបរទេសផ្សេងទៀតរួមទាំងរដ្ឋមន្ត្រីមកពីប្រទេសបារាំងនិងអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍អង្គការសហប្រជាជាតិផងដែរ។
សូមរំលឹកថា សហរដ្ឋអាមេរិកបានស្ទាក់ស្ទើរក្នុងការដកទណ្ឌកម្មម្តងទៀតដែលបានធ្វើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បន្ទាប់ពីលោកត្រាំបានដកអាមេរិកចេញពី JCPOA ជាឯកតោភាគីក្នុងឆ្នាំ ២០១៨ និងដោយចង់ឱ្យអ៊ីរ៉ង់លុបចោលនូវវិធានការប្រឆាំងរបស់ខ្លួន ជាអាទិ៍ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម លើសពីដែនកំណត់ដែលបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងនេះ ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មនេះ៕