Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសង្គមស៊ីវិល ស្នើឲ្យដោះស្រាយ ជុំវិញទំនាស់ដីធ្លីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រវាងក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋម្ចាស់ដី

spot_img

ភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន៣១ កំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះវិវាទដីធ្លី រវាងក្រុមហ៊ុន OCIC និង ប្រជា​ពលរដ្ឋម្ចាស់ដី​នៅតំបន់​អភិវឌ្ឍន៍ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញថ្មី។

អង្គការសង្គមស៊ីវិលបានពិនិត្យឃើញថា វិវាទនេះ​កាន់តែមាន​ភាព​ធ្ងន់ធ្ងរទៅៗ ដោយពុំមានដំណោះស្រាយសមស្រប ហើយ​ឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយ​បានកើត​ឡើងនៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាង​ប្រជាពលរដ្ឋ​ដែលជាម្ចាស់​ដី និង​កងកម្លាំង​ប្រដាប់អាវុធ​របស់រដ្ឋាភិបាល បានបណ្តាល​ឲ្យពលរដ្ឋ​ម្នាក់បានរង​របួសធ្ងន់ធ្ងរ ហើយ​ប្រជាពលរដ្ឋម្ចាស់​ដីធ្លី​ចំនួន ៣០នាក់​ត្រូវបាន​ចាប់ខ្លួន​មួយរយៈ ហើយមាន​ការដោះលែង។

ក្នុងចំណោម​នោះ មានប្រជាពលរដ្ឋ​ចំនួន ០៩នាក់ រួមមានស្ត្រី​ចំនួន ៤នាក់ត្រូវបាន​បញ្ជូនទៅ​តុលាការ ​និងត្រូវឃុំ​ខ្លួនជា​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់​ពីបទហិង្សា​ដោយចេតនា​មានស្ថាន​ទម្ងន់ទោស ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ និងប្រឆាំង​នឹងអ្នក​រាជការសាធារណៈ​មានស្ថាន​ទម្ងន់ទោស ហើយទើប​ត្រូវបាន​ដោះលែង​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន និងដាក់ឲ្យ​ស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

អង្គការសង្គមស៊ីវិលបាន​សង្កេតឃើញ​ថា បញ្ហាកំពុង​ធ្ងន់ធ្ងរ​នេះ គឺដោយ​សារក្រុមហ៊ុន​អមដោយ​អាជ្ញាធរ​បានចាប់​ផ្តើមចូលគ្រប់គ្រង​ឈូសឆាយ​លើដីអភិវឌ្ឍន៍​ព្រលាន​យន្តហោះថ្មី ដែលបាន​ប៉ះពាល់ដល់​ដីកម្មសិទ្ធិ​ស្របច្បាប់​របស់ប្រជាពលរដ្ឋ ខណៈ​មិន​ទាន់មាន​ការឯកភាព​លើតម្លៃ​សំណង​សមស្របមួយ ហើយតម្លៃ​សំណង​ដែលកំណត់​ជាឯកតោភាគី​​ដោយ​ក្រុម​ហ៊ុន​​និង​អាជ្ញាធរ​ ​ផ្តល់​ឲ្យ​ពួក​​គាត់​នៅដាច់​ឆ្ងាយ​​ពីតម្លៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ដែល​​ប្រជា​​ពលរដ្ឋ​​មិនអាច​ទទួល​​យកបាន ព្រោះ​មិន​អាច​យកថ្លៃសំណង​នោះទៅទិញដីទំហំ​ប៉ុនគ្នា​នឹងដីបាត់បង់ នៅក្នុង​ភូមិឃុំរបស់​ពួកគាត់​នៅជុំវិញ​ទីតាំងអភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញថ្មីនោះ​បានទេ ហើយបញ្ហា​នេះបាន​បណ្តាល​ឲ្យប្រជាពលរដ្ឋម្ចាស់​ដីបាន​ប្រើប្រាស់​សិទិ្ធស្របច្បាប់ ទាមទារឲ្យ​មានដំណោះ​ស្រាយ​សមរម្យ​ដែលពួកគាត់​អាចទទួល​យកបាន ។​

យោងតាម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណា​ចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជា​គ្រប់រូបមាន​សិទ្ធិពេញលេញ ពិសេស​យោង​តាមមាត្រា៤៤ បានចែងថា ជនណា​ក៏ដោយ ទោះជា​បុគ្កលក្តី ជាសមូហភាពក្តី មានសិទ្ធិជា​ម្ចាស់កម្មសិទ្ធិ។​ កម្មសិទ្ធិ​ឯកជន​ស្របច្បាប់ ស្ថិតនៅ​ក្រោមការ​គាំពារ​នៃច្បាប់ ហើយដែល​នឹងដកហូត​កម្មសិទ្ធិ​ពីជនណាមួយ​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​ត្រូវបានធ្វើ ក្នុងករណី​ដែលច្បាប់​បានបញ្ញតិ្តទុក ហើយត្រូវ​ផ្តល់សំណង​ជាមុន ដោយសមរម្យ និងយុត្តិធម៌។

ម្យ៉ាងទៀត​យោងតាមមាត្រា​ ២២ នៃច្បាប់អស្សាមិករណ៍ បានចែងថា ប្រាក់សំណង​ដែលត្រូវ​ផ្តល់ឲ្យម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ ត្រូវគិត​តាមថ្លៃ​ទីផ្សារ ឬ ​ថ្លៃជំនួស​នៅកាលបរិច្ឆេទ​នៃការចេញ​សេចក្តី​ប្រកាស​ស្តីអំពីគម្រោង​អស្សាមិករណ៍។ ពិសេសជាង​នេះទៅ​ទៀត សំណង​ត្រូវទូទាត់​ជាសាច់ប្រាក់ ជាទ្រព្យ ឬ ជាសិទ្ធិ​ជំនួស​ទៅតាម​ភាពជាក់​ស្តែងដោយ​មានការយល់​ព្រមពីម្ចាស់​អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ និងពីគណៈ​កម្មការ​អស្សាមិករណ៍ (មាត្រា២៤នៃច្បាប់ដដែល)។​

អង្គការ​សង្គមស៊ីវិល ​ទទួលស្គាល់​ពីភាពចាំបាច់​ក្នុងការកសាង​ព្រលានយន្ត​ហោះអន្តរ​ជាតិ​ភ្នំពេញថ្មីនេះ ដោយ​សារ​សេចក្តីត្រូវ​ការអភិវឌ្ឍន៍​នៃប្រទេស​របស់យើង ក៏ប៉ុន្តែ​យើងខ្ញុំ​សុំស្នើ​ឲ្យស្ថាប័ន​ពាក់ព័ន្ធមេត្តា​ផ្តល់សំណងដល់​ម្ចាស់​កម្មសិទ្ធិ​ឲ្យបាន​សមរម្ស​ស្របតាម​ថ្លៃទីផ្សារ ចៀសវាង​នូវកិច្ចព្រមព្រៀង​ដែលមាន​ការបង្ខិតបង្ខំ​ រក្សាបាននូវការ​គោរពសិទ្ធិ​មនុស្ស​សម្រាប់​គ្រប់ភាគី ស្របតាម​បទដ្ឋានសិទ្ធិមនុស្ស​អន្តរជាតិ​ដែលទទួល​ស្គាល់ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹង​ទំនាស់ដែល​កំពុងកើត​ទ្បើងនេះ គួរត្រូវដោះ​ស្រាយ​ដោយសន្តិវិធី ពោលគឺត្រូវ​អញ្ជើញភាគី​ទំនាស់​មកចរចាគ្នា ដោយឈរ​លើផល​ប្រយាជន៍ និងសេចក្តី​ត្រូវការ​គ្រប់ភាគី។ គ្រប់ភាគី​ទំនាស់ និងអាជ្ញាធរ​គួររក្សាឲ្យ​បាននូវ​ភាពអហិង្សា។ យើងខ្ញុំ​ជឿជាក់ថា​ ការឈរ​លើផល​ប្រយោជន៍ ឬ សេចក្តីត្រូវ​ការគ្រប់​ភាគី នឹង​នាំឲ្យបញ្ហានេះត្រូវ​បានដោយ​ស្រាយដោយ​សន្តិភាព។​

ជាចុងបញ្ចប់ អង្គការសង្គមស៊ីវិល​យល់ឃើញថា ដំណោះស្រាយ​ដោយ​អហិង្សាពី​គ្រប់ភាគី និងការសម្រប​សម្រួល​ដោយឈរ​លើគតិយុត្តិ ការធានា​ដល់សិទ្ធិម្ចាស់​កម្មសិទ្ទិ ​និងសំណង​សមរម្យ​ដល់សហគមន៍​ដែលប៉ះពាល់ ជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ការដោះស្រាយ​នូវករណី​ទំនាស់នេះ៕ ​ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×