Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ កម្ពុជាសម្រេចបាននូវភាពសុំសហគមន៍ជាបណ្តើរៗ ដោយអាត្រាឆ្លង, ឈឺ និង ស្លា.ប់ ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងប្រាប់បណ្តាប្រទេសនានាលើពិភពលោកថា កម្ពុជាបានក្លាយជាប្រទេស ដែលមានអាត្រាចាក់ វ៉ាក់សាំងខ្ពស់, ដែលគិតត្រឹមថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ, ប្រមាណ ៦៦% នៃប្រជាជនដែលមាន អាយុ ១២ ឆ្នាំឡើង បានទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ។ បន្ថែមលើនេះ, កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១, រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និង ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ : ” ការបញ្ចប់ការរាតត្បាត និង ការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ ” ។ សម្តេចបានបញ្ជាក់បន្ថែមថា កម្ពុជាសម្រេចបាននូវភាពសុំសហគមន៍ជាបណ្តើរៗ ដោយអាត្រាឆ្លង, ឈឺ និង ស្លា.ប់ ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់ទិសដៅទៅមុខ, កម្ពុជានឹងបន្តអនុវត្តវិធានការបង្ការ, ព្យាបាល និង ចាក់វ៉ាក់សាំង ក៏ដូចជា រៀបចំក្របខណ្ឌវាយតម្លៃហានិភ័យគ្រប់ជ្រុងជ្រោយ ដើម្បីបើកដំណើរការនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញជាជំហានៗ ក្នុងស្មារតីប្រយ័ត្នប្រយែងខ្ពស់ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលនឹងប្រឹងប្រែងជំរុញការវិនិយោគលើវិស័យសង្គមកិច្ច ពិសេសគឺការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្លើយតបឱ្យបានទាន់ពេល និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាអនាគត ។

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំកំពូលនេះ, កម្ពុជាប្តេជ្ញានឹងចូលរួមទៅតាមលទ្ធភាព និង ឧត្តមភាពប្រៀបធៀប ដែលខ្លួនមាន ជាអាទិ៍ ការបើកចំហ និង បង្កើតនូវបរិយាកាសអនុគ្រោះដល់សកម្ម ភាពផលិតនូវទំនិញសំខាន់ និង ចាំបាច់មួយចំនួន រួមមាន : ម៉ាស, ឧបករណ៍ការពារខ្លួន (PPE), និង ឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ។ ការចូលរួមនេះ នឹងជួយសម្រួលដល់ពិភពលោក ក្នុងការទទួលបាននូវ ផលិតផលចាំបាច់ដែលមានគុណភាព, ឆ្លើយតបទៅនឹងតម្រូវការទាន់ពេល និង មានថ្លៃសមរម្យ ដោយ សារកម្ពុជាមានឧត្តមភាពប្រៀបធៀប លើកម្លាំង និង ថ្លៃពលកម្ម ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការ វិនិយោគក្នុងវិស័យនេះបន្ថែមទៀត តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និង ការសម្រួលនូវនីតិវិធីគ្រប់ បែបយ៉ាង ដើម្បីឱ្យការវិនិយោគទាំងនោះទទួលបានជោគជ័យ ។

ជាមួយនឹង សេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើមក្នុងការដាក់ចេញនូវ «សេចក្តីព្រាងគោលដៅ», កម្ពុជាស្នើសុំឱ្យប្រទេស ចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និង ប្រាកដនិយម ។ លើសពីនេះទៀត, កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និង រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍, និន្នាការនយោបាយ និង ចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន ។ ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវ ការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភពលោក ។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់ វ៉ាក់សាំងកូដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និង ប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ ១៩ យ៉ាងទូលាយទៅតាមតំបន់ និង ប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន និង ការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង ។ ទន្ទឹមនេះ, កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬ រក្សាវ៉ាក់សាំងដែលខ្លួនផលិត បាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់កម្ពុជា, យើងបានឆ្លើយតបទៅនឹងវិបត្តិនេះ ដោយភាពស្វាហាប់ ជាមួយនឹងយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជា វិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយនឹងវិធានការ ៣ ទៀត រួមមាន ៖ (១).ការខិតខំទប់ស្កាត់ និង រុករកការឆ្លងឱ្យបានទាន់ពេល (២).ការពង្រឹងសមត្ថភាពព្យាបាល និង ការប្រើប្រាស់ថ្នាំព្យាបាល ប្រកបដោយស័ក្ដិសិទ្ធភាព, និង (៣).ការអនុវត្តដោយហ្មត់ចត់នូវវិធានការផ្នែករដ្ឋបាល, សុខាភិបាល និង ច្បាប់ ក៏ដូចជាការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និង គ្រប់រូប ។ នៅក្នុងផ្នែកសង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ៩ ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងធុរកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស កម្មករ-និយោជិត និង គ្រួសារ ក្រីក្រ ព្រមទាំងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×