ភ្នំពេញ៖ ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរវាងវិទ្យាស្ថានតេជោសែននៃក្រសួងសាធារណការ និងសមាគមភស្តុភារកម្មកម្ពុជា ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការពង្រឹងគុណភាពនៃការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភាកម្ម ក៏ដូចជារួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីវិស័យភស្តុភាកម្ម ឱកាសការងារ សក្កានុពល និងសារសំខាន់នៃវិស័យនេះ ដល់សាធារណជន សិស្ស-និស្សិត ព្រមទាំងសកម្មភាពផ្សេងៗ ដែលផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក។
លោក ហឿន សំនៀង នាយកវិទ្យាស្ថាន បានឱ្យដឹងថា វិទ្យាស្ថាន នឹងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិត សីលធម៌ល្អ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្មនាពេលបច្ចុប្បន្ន និងអនាគតសំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាននេះ ភាគីទាំងពីរបានឯកភាពលើគោលការណ៍មួយចំនួនដូចជា សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់វគ្គខ្លី មធ្យម និងវែងលើមុខជំនាញភស្តុភារកម្មនិងជំនាញពាក់ព័ន្ធផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និងបុគ្គលិក សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងកម្មវិធីនានា រៀបចំទស្សនកិច្ចសិក្សា ការធ្វើ កម្មសិក្សា ការបំពេញការងារហាត់ការ និងឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនជាសមាជិក និង លើកកម្ពស់ការយល់ដឹងលើវិស័យភស្តុភារកម្មនៅកម្ពុជា៕