Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ជំរុញលើកទឹកចិត្តឱ្យមានការរាយការណ៍ពីសកម្មភាពមិនសុចរិតរបស់ធុរជន ឬម្ចាស់អាជីវកម្ម

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់ក្នុងការកសាងសង្គមឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។​

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់អ្នក» ដែលបានរៀបចំសហការដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យរាយការណ៍ពីធុរជន និងម្ចាស់អាជីវកម្មទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបន្តថា «ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា «ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថា ជាឧបសគ្គដល់អាជីវកម្មឡើយ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជននិងការប្រកួតប្រជែងរបស់ពួកគេ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់»។

សូមជម្រាបថា គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរ។ នៅក្នុងព្រឹត្តិការណ៍នេះ គេហទំព័រថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)៖ https://www.ccfdg.gov.kh/ ក៏ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការផងដែរ៕

×