ប្រាសាទអង្គរវត្ត ជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា និងជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
ជាការពិតណាស់ ភាពល្បីល្បាញរបស់ប្រាសាទអង្គវត្ត គឺតាមរយៈដោយសាររចនាបទនៃប្រាសាទ ស្រស់ស្អាតឥតខ្ចោះ រះត្រដែតក្នុងកម្ពស់ ៦៥ ម៉ែត្រ និងទំហំផ្ទៃដីរាងចក្តុកោណ ២០០ ហិចតា ដែលប្រជុំទៅដោយអគារប្រាសាទព្រហ្មមញ្ញសាសនា និងជាវិមានសាសនាដ៏ធំបំផុត នៅក្នុងលោក។
យោងតាមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា ប្រាសាទអង្គរវត្ត ត្រូវបានសង់ឡើងនៅដើមសតវត្សទី១២ ដោយប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ ម៉ឺននាក់ និងដំរី ជាង ៦ ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង ១០ លានតោននៅក្នុងទំហំខ្នាត និង ភាពស៊ីមេទ្រី ឡើងដល់កំពូលប្រសាទតែម្តង។
ដោយសារតែភាពអស្ចារ្យនេះហើយ បានធ្វើឲ្យជនបរទេសមានការចាប់អារម្មណ៍ ហោះមកកាន់ទឹកដីកម្ពុជា ដើម្បីចង់ឃើញផ្ទាល់ភ្នែកប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ។ ហើយជាការពិតណាស់ ប្រាសាទអង្គវត្តបានទាក់ទាញបុគ្គលល្បីៗជាច្រើនរូបនៅលើពិភពលោក មកទស្សនាកម្សាន្តកាលពីពេលកន្លងៗមក ដែលក្នុងនោះដូចជា៖ ស្ថាបនិកហ្វេសប៊ុក លោក Mark Zukerberg និងប្រពន្ធ មកទស្សនាអង្គវត្តនៅឆ្នាំ ២០០៧ លោកស្រី អ៊ុង សានស៊ូជី ជានិមិត្តរូបប្រជាធិបតេយ្យ មកទស្សនានៅឆ្នាំ ២០១៩ អតីតតារាបាល់ទាត់ David Backham មកទស្សនានៅឆ្នាំ២០១៥ អតីតទំទាវទី១ របស់សហរដ្ឋអាមេរិក លោកស្រី Michelle Obama មកទស្សនានៅឆ្នាំ២០១៥ អតីតប្រធានាធិបតីអាមេរិក Bil Clinton មកទស្សនាឆ្នាំ ២០០៦ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក Hillary Clinton មកទស្សនាឆ្នាំ២០០៩ កំពូលតារាហុងកុង លោក Jackie Chan (ឈិន ឡុង) មកទស្សនាឆ្នាំ២០០៤ លោក Jack Ma មហាសេដ្ឋីស្រុកចិនមកទស្សនាឆ្នាំ២០១៩ អតីតតារាភាពយន្ត អ្នកស្រី Angelina Jolie មកទស្សនាឆ្នាំ២០០០ អតីតនាយករដ្ឋមន្រ្តីថៃ លោក Thakin Shinawatra មកទស្សនាឆ្នាំ២០០៩ អតីតស្រ្តីទី១របស់អាមេរិក លោកស្រី Jacqueline Kennedy មកទស្សនាឆ្នាំ១៩៦៧ តារាកំប្លែង និងសម្តែង លោក Bean (Rowan Atkinson) មកទស្សនាឆ្នាំ២០១៩ និងព្រមទាំងបុគ្គល និងតារាល្បីៗជាច្រើនរូបទៀត ដែលលើកយកមករាប់មិនអស់។
ក្រោយពីបានឃើញរូបបង្ហោះទាំងនេះហើយ ឃើញថា អ្នកលេងបណ្តាញសង្គមទាំងជនជាតិខ្មែរ និងជាតិសាសន៍ដទៃ បានសម្តែងនូវមោទនភាពជាខ្លាំង ដោយបង្ហាញរូបទង់ជាតិខ្មែរ ជាមួយក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


































