សកម្មភាពនៃទង្វើដ៏ល្អធ្វើបុណ្យដាក់ទាន របស់ប្តីប្រពន្ធអ្នកនាង សួស វីហ្សា និងលោក ថមមី ទៅដល់លោកយាយចាស់ជរាវ័យ ៨៦ ឆ្នាំ ម្នាក់ ដែលបានជួបដោយចៃដន្យ ខណៈលោកយាយកំពុងបណ្តើរកង់លក់នំតាមផ្លូវយ៉ាងកំសត់ ឃើញថាបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះថានេះគឺជាគំរូដ៏ល្អមួយ ដែលអ្នកមានទ្រព្យធន គួរចេះជួយចែករំលែកក្តីអាណិតអាសូរ ទៅដល់ជនទីទ័លក្រ ជាពិសេសចាស់ៗទុរគតជន ដែលកំពុងតស៊ូសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់។
តាមរយៈវីដេអូដ៏រំជួលចិត្ត បានបង្ហាញរថយន្ត សួស វិហ្សា បង្អង់ឈប់ ហើយអ្នកនាងក៏បានសួរទៅកាន់លោកយាយកំសត់ ពីអាយុរបស់គាត់។ ដំបូង អ្នកនាងមានបំណងទិញនំមួយចំនួនប៉ុណ្ណោះ ប៉ុន្តែ ដោយឃើញអាណិតខ្លាំងពេក អ្នកនាងប្រែចិត្តមិនទិញវិញ ហើយហុចលុយក្រដាស ១០០ ដុល្លារ ជំនួស ដោយទុកឲ្យលោកយាយលក់នំយ៉ាងនោះបន្តទៀតចុះ។ ជាមួយទានដ៏កម្របានស្គាល់នេះ បានធ្វើឲ្យលោកយាយអររំភើបចិត្តខ្លាំងដល់ថ្នាក់យំ ហើយភ្លាមៗនោះ លោកយាយក៏បានជូនពរយ៉ាងច្រើនអនេក ទៅដល់ចៅ វីហ្សា និងគ្រួសារ សូមឲ្យជួបតែសំណាងល្អ រកស៊ីចេះតែមានបានជារៀងរហូត….។
ក្នុងនោះ សួស វីសា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា «លោកយាយចាស់អាយុ 86ឆ្នាំម្នាក់ ជិះកង់បណ្តើរ រុញកង់បណ្តើរ ដើរលក់នំ រស់នៅជួលបន្ទប់ជួលគេ នៅតែឯង នៅភ្នំពេញធ្វើនំលក់ ចៃដន្យបានជួបប្តីប្រពន្ធខ្ញុំតាមផ្លូវ អាណិតណាស់ ពួកយើងក៏បានជូនជាសទ្ធាទានខ្លះៗ តាមលទ្ធភាពដល់គាត់ បានដោះស្រាយជីវភាព រស់នៅខ្លះ និងទុកគ្រាន់អោយគាត់ បានទៅស្រុកកំណើតធ្វើបុណ្យ។ លោកយាយគាត់សប្បាយចិត្តដល់ថ្នាក់យំ ហើយគាត់យំជូនពរដល់យើងខ្ញុំទាំងទឹកភ្នែក អាណិតណាស់យាយគេយាយយើង ម៉ែគេម៉ែយើង សូមជូនពរផលបុណ្យទាំងអស់ ដល់ក្រុមគ្រួសារខ្ញុំ ដល់កូនស្រីខ្ញុំ Jennyផង ជាពិសេសបងប្អូនកម្ពុជាយើងទាំងអស់ សាងអំពើល្អ រមែងបានផលបុណ្យល្អ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











