Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងស្នើឱ្យមានកិច្ចចរចាប្រសិនបើកូរ៉េខាងត្បូងបោះបង់ចោលអរិភាព

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន កាលពីល្ងាចថ្ងៃសុក្របានឱ្យដឹងថា កូរ៉េខាងជើងនឹងប្តេជ្ញាបន្តការជជែកពិភាក្សាជាមួយកូរ៉េខាងត្បូង ប្រសិនស្ថិតក្នុងលក្ខខណ្ឌកូរ៉េខាងត្បូងចង់ជួប។ ជាក់ស្តែងនេះ ក៏ជាតម្រុញមួយទៀត ដែលកូរ៉េខាងជើងចង់ឱ្យទីក្រុងសេអ៊ូលបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោនបន្ធូរទណ្ឌកម្មសេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍របស់ លោកស្រី គីម យូជុងនេះធ្វើឡើងមួយថ្ងៃក្រោយ កូរ៉េខាងជើងខ្លួនឯងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាលើកឡើងដំបូងក្រោយផ្អាកអស់ពេល៦ខែកន្លងមក។ ក្នុងនោះ អ្នកជំនាញមួយចំនួនបានលើកឡើងថា នេះបង្ហាញពីបំណងថា កូរ៉េខាងជើងនឹងរក្សាការបង្កើនឃ្លាំងស្តុកសព្វាវុធ បន្ថែមទៀត ប្រសិនបើទណ្ឌកម្មរបស់អាមេរិកនៅតែបន្ត ខណៈការទូតនុយក្លែរអ៊ែរក៏នៅតែជាប់គាំង។

លោកស្រីបានផ្តល់កិច្ចពិភាក្សានេះនៅពេលនិយាយអំពីការអំពាវនាវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូជេ អ៊ីន​។ ហើយការថ្លែងនេះធ្វើឡើងក្នុងសន្ទរកថាមួយក្នុងកិច្ចប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិ សម្រាប់សេចក្តីប្រកាសនយោបាយដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ជាមធ្យោបាយនាំសន្តិភាពដល់ឧបទ្វីបកូរ៉េទាំងពីរ។

លោកស្រីបានលើកឡើងថា កូរ៉េខាងជើងនឹងប្តេជ្ញាស្តារឡើងវិញនូវរចនាសម្ព័ន្ធ ដើម្បីជជែកជាមួយកូរ៉េខាងត្បូងថាតើគួរធ្វើយ៉ាងដើម្បីធ្វើឱ្យប្រសើរឡើងវិញ និងដោះស្រាយចំណងនៃភាពតានតឹងនេះ ប្រសិនបើកូរ៉េខាងត្បូងបញ្ឃប់បង្កជាអរិភាពនយោបាយណាមួយដល់ខ្លួន។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានថ្លែងថា ខ្លួននឹងប្រុងប្រយ័ត្នអំពីការត្រួតពិនិត្យទៅលើសេចក្តីថ្លែងការណ៍របស់លោកស្រី គីម យូជុង។ សម្រាប់សេចក្តីថ្លែងការណ៍របស់ក្រសួងវិញបានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីស្តារឡើងវិញនូវចំណងការមិត្តភាពជាមួយកូរ៉េខាងជើង។

លោក ណាំ ស៊ុងវ៉ុក សាស្ត្រាចារ្យសកលវិទ្យាល័យកូរ៉េក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានដាក់សម្ពាធបែបប្រយោលមកលើទីក្រុងសេអ៊ូលដើម្បីធ្វើការរៀបចំកិច្ចពិភាក្សាបន្ធូរបន្ធយទណ្ឌកម្ម ខណៈខ្លួនជំរុញឱ្យមានការប្រកាសបញ្ចប់់សង្គ្រាម។

លោក ណាំ បានបញ្ជាក់ថា៖« វាហាកដូចជា កូរ៉េខាងជើងកំពុងតែនិយាយថា ខ្លួននឹងស្វាគមន៍កិច្ចពិភាក្សាចំពោះសេចក្តីប្រកាសបញ្ចប់សង្គ្រាម ប្រសិនបើការដកទណ្ឌកម្មសេដ្ឋកិច្ចអាចមានកិច្ចចរចារផងដែរ។ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកធ្លាប់មានភាពរឹតបន្តឹង ក្រោយកូរ៉េខាងជើងបានបង្កជាហេតុមួយដោយបាញ់សាកល្បងគ្រាប់មីស៊ីល និងអាវុធនុយក្លែរអ៊ែរកាលពីអំឡុងឆ្នាំ២០១៦-២០១៧។

ជាក់ស្តែង កូរ៉េខាងទាំងពីរក៏បានអំពាវនាវឱ្យមានការប្រកាសបញ្ចប់សង្គ្រាម និងចុះហត្ថលេខាសន្និសញ្ញាសន្តិភាព​អំឡុងពេលនៃការទូតជាមួយសហរដ្ឋអាមេរិកបានចាប់ផ្តើមកាលពីឆ្នាំ២០១៨ និងមានការរំពឹងទុកបន្ទាន់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំអាចប្រកាសអំពីការបញ្ចប់សង្គ្រាមកាលពីដើមឆ្នាំ២០១៩ ដើម្បីបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុនបេ្តជ្ញាបោះបង់កម្មវិធីនុយក្លែរអ៊ែររបស់ខ្លួន។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនូវម៉ីស៊ីលប៉ាឡេស្ទីក និងជិះទូកលើកដំបូងរបស់ខ្លួនចាប់តាំងពីខែមីនាមក។ ហើយការបាញ់នេះ ​ក៏បានបង្ហាញអំពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារទៅលើកូរ៉េខាងត្បូង និងជប៉ុន ដែលសម្ព័ន្ធមិត្តដ៏សំខាន់ទាំងពីររបស់សហរដ្ឋអាមេរិកនេះ មានកងទ័ពរបស់អាមេរិកចំនួន៨ម៉ឺននាក់ ដែលឈរជើង។ ប៉ុន្តែ កូរ៉េខាងជើងនៅតែរក្សាការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយដោយផ្ទាល់សំដៅមកលើទឹកដីកំណើតអាមេរិកដែលជាសញ្ញាបង្ហាញថា ខ្លួនចង់រក្សាឱកាសសម្រាប់ការទូតនាពេលអនាគតជាមួយទីក្រុងវ៉ាស៊ីនតោន៕ ប្រភព៖ AP

×