ភ្នំពេញ៖ តាមរយៈការរៀបចំការដាក់តាំងផលិតផលចំណីអាហាររបស់កូរ៉េនៅកម្ពុជា ក្រុមហ៊ុន កសិឧស្សាហ៍កម្ម-ជលផលនិងសាជីវកម្ម ពាណិជ្ជកម្មអាហារកូរ៉េ (ច) បានបង្ហាញពីភាពជឿជាក់របស់ខ្លួន មកលើទីផ្សារកម្ពុជា។
លោកស្រី Kim Sunkyung នាយកគ្រប់គ្រង បានឱ្យដឹងថា ក្រុមហ៊ុនតាមរយៈការរៀបចំការដាក់តាំងផលិតផលចំណីអាហាររបស់កូរ៉េនៅកម្ពុជា បានរៀបចំការដាក់តាំងបង្ហាញផលិតផលចំណីអាហាររបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងផ្សារទំនើបអ៊ីអន២ សែនសុខស៊ីធី ដើម្បីឱ្យប្រជាជនកម្ពុជា បានស្គាល់ និងទទួលបទពិសោធន៍ជាមួយអាហាររបស់កូរ៉េ។
លោកស្រី Kim Sunkyung បានមានប្រសាសន៍ថា ចំណីអាហារ មិនគ្រាន់តែជួយដល់រាងកាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបរិយាកាសដ៏រីករាយ, និងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយនឹងមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែប្រសើរឡើងផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនោរប្រជាជនកម្ពុជា លើផលិតផលកូរ៉េកំពុងកើនឡើងជាបន្តបន្ទាប់ ពិសេស ផលិតផលគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម ខណៈផលិតផលកម្ពុជា អាចនឹងមានសក្តានុពលខ្ពស់ សម្រាប់ ទីផ្សារកូរ៉េ ប្រសិនបើការដាំដុះកសិកម្មកម្ពុជា ការកែច្នៃ វេចខ្ចប់ និងស្តង់ដាអនាម័យស្របតាមការកំណត់ របស់ភាគីកូរ៉េ៕