Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញ៖ អាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាសបានជាង ៥០០ គីឡូក្រាម

ភ្នំពេញ៖ មន្ត្រីជំនាញមកពីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) បានចម្រាញ់រ៉ែមាស បានចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម ក្រោយដំណើរការបានរយៈពេល ៣ខែ បើគិតចាប់តាំងពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងអស់នេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោក  អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យគេហទំព័រ​សារ​ព័ត៌មាន​ក្នុងស្រុកដឹងថា គិតមកដល់ពេលនេះ ក្រុមហ៊ុន បានបំពេញ បែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន ៧ជើង ស្មើនឹងទំងន់ប្រមាណ ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា រោងចក្រចម្រាញ់រ៉ែមាសតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម នៅថ្ងៃទី ២១ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះក្រុមហ៊ុន បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១ របស់ខ្លួនបានរួចហើយផងដែរ៕

×