ជឿជាក់ថា អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានស្គាល់ច្បាស់ហើយ ឧកញ៉ា បណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន KW Cambodia ដែលតែងចេញវីដេអូនិយាយជាទូទៅអំពីសេដ្ឋកិច្ច និងក៏ដូចបង្ហាញការណែនាំអំពីភាពជោគជ័យផ្សេងៗ ទៅដល់មហាជននៅក្នុងបណ្តាញសង្គម។
តែដោយឡែក ថ្មីៗនេះ ឧកញ៉ារូបនេះ បានជួបរឿងស៊យ ព្រោះតែបើកបររថយន្តមិនគោរពច្បាប់ ត្រូវប៉ូលីសចាប់ផាកពិន័យអស់ ១២ ម៉ឺនរៀល។ ជាមួយមេរៀនត្រូវប៉ូលីសចរាចរណ៍ផាកពិន័យនេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចែករំលែក សូមឲ្យបងប្អូនដទៃ បើកបរឲ្យប្រយ័ត្ន កុំធ្វេសប្រហែសដូចខ្លួនបើកបណ្តើរ និយាយទូរស័ព្ទបណ្តើរ ព្រោះអាចនាំឲ្យមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយបាន។
ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កាលពីពេលកន្លងទៅថ្មីៗនេះយ៉ាងដូច្នេះ «ច្បាប់ត្រូវបានបង្កើតឡើងដោយមនុស្សដើម្បីអោយមនុស្សទាំងអស់អនុវត្ត និងគោរពតាម ដោយស្មើភាពគ្នា! ព្រឹកនេះខ្ញុំបាទ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបើកឡានផ្ទាល់ខ្លួនប្រភេទ Rolls Royce ផ្លាកលខ KH.1979 ដោយបើកបរ និងនិយាយទូរសព្ទ័ ដែលខុសច្បាប់ចរាចរណ៌ផ្លូវគោក។
ខ្ញុំបាទ គីម ហ៊ាង សុខចិត្តទទួលកំហុស ព្រមបង់ការពិន័យ ដោយសន្យាថា៖ឈប់ធ្វើអីចឹងទៀតហើយ និងសូមអំពាវនាវដល់អ្នកបើកបរទាំងអស់ កុំនិយាយទូរស័ព្ទ ពេលកំពុងបើកបរ ពិសេសប្រយត្ន័មានគ្រោះថ្នាក់អាចរងការពិន័យ ហើយខ្មាសគេខ្លាំងណាស ដូចខ្ញុំបាទ គីម ហ៊ាង។ ឧកញ៉បណ្ឌិត គីម ហ៊ាង»។
លោកក៏បានបន្ថែមតាមរយៈខមិនថា អស់ ១២០០០០រៀលទាំងព្រឹកជារឿងតូច តែខ្ញុំពិតជាខ្មាសគេណាស់ ហើយសូមអោយអ្នកបើកបរទាំងអស់ កុំយកតាមគំរូអាក្រក់នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





