កងទ័ពចិនបានថ្កោលទោសនាវាជើងទឹកអង់គ្លេស ក្រោយនាវានេះបានចូលជ្រៀតជ្រៀក នូវអ្វីដែលមន្ត្រីទីក្រុងប៉េកាំងបានហៅថា ជាការព្យាបាទ តាមរយៈការបើកនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលបានបំផ្លាញនូវសន្តិភាព និងស្ថិរភាពរបស់ខ្លួន។
HMS ‘Richmond’ គឺជានាវាចម្បាំងមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃក្រុមនាវាចម្បាំងចក្រភពអង់គ្លេស ដែលផ្ទុកយន្តហោះ HMS ‘Queen Elizabeth’។ ថ្លែងតាមរយៈសារTwitterកាលពីថ្ងៃចន្ទ អង់គ្លេសកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈដំណើរជាបន្ទាប់គឺឆ្ពោះទៅប្រទេសវៀតណាមដែលនេះគឺជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ដែលនាវាអង់គ្លេសមួយនេះ បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ។
យោងតាមក្រុមនាវាចម្បាំង Richmond សមយុទ្ធយោធានេះបានធ្វើឡើងបន្ទាប់ពី ពួកគេបានធ្វើការយ៉ាងមមាញឹកជាមួយដៃគូនិងសម្ព័ន្ធមិត្តនៅសមុទ្រចិនខាងកើតអស់មួយរយៈពេល ខណៈដែលចក្រភពអង់គ្លេសព្យាយាមពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបើកចំហរ និងសេរីដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណា ចិនបានថ្កោលទោសសកម្មភាពរបស់ចក្រភពអង់គ្លេសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ ដោយយោធាប៉េកាំង ក្រោយខ្លួនបានហៅអាកប្បកិរិយារបស់កងទ័ពជើងទឹកអង់គ្លេសថា គឺជាការព្យាបាទ ហើយខ្លួនក៏បានបន្ថែមថាការបើកនាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ បានបំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ទាំងមូល ។
នាវារបស់ម្ចាស់ក្សត្រីអេលីហ្សាបែត កំពុងធ្វើដំណើរជាលើកដំបូងរបស់ខ្លួនទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាកន្លែងដែលឧត្តមនាវីឯកទ័ពជើងទឹកលោក តូនីរ៉ាដាគីន បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងដាក់នាវា
រយៈពេលយ៉ាងតិច ៥ ឆ្នាំខាងមុខដើម្បីបញ្ជាក់ឱ្យច្បាស់ថាច្រកសមុទ្រតៃវ៉ាន់ គឺជាដែនទឹកអន្តរជាតិ។
ពេលវេលាចុងក្រោយដែលនាវាកងទ័ពជើងទឹកអង់គ្លេសធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺនៅឆ្នាំ ២០១៩ នៅពេលដែលខ្លួនបានស្ទង់មតិធ្វើដំណើរឆ្លងកាត់តំបន់នោះ។ ក្នុងនោះ សហរដ្ឋអាមេរិកមានសកម្មភាពកាន់តែច្រើននៅក្នុងតំបន់ ដោយកងទ័ពជើងទឹកអាមេរិកបានធ្វើដំណើរផ្លូវឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះរហូតដល់៩ដងមួយ១ឆ្នាំតែម្នាក់ឯង បើប្រៀបធៀបទៅនឹងចំនួន ១៣ ក្នុងកំឡុងឆ្នាំ ២០២០។ បន្ថែមពីនេះ សម្ព័ន្ធមិត្តនៃចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក រួមទាំងអូស្ត្រាលី កាណាដានិងបារាំងក៏បានបញ្ជូននាវារបស់ពួកគេបើកឆ្លងកាត់តំបន់ខាងដើមនេះផងដែរកាលពីប៉ុន្មានឆ្នាំកន្លងទៅ។
តំបន់នេះបានក្លាយជាផ្នែកទឹកដែលមានការប្រកួតប្រជែងគ្នាខ្លាំង ខណៈដែលប្រទេសជប៉ុននិងសម្ព័ន្ធមិត្តលោកខាងលិចព្យាយាមប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាសកម្មភាពពង្រីកអំណាចរបស់ចិននៅក្នុងតំបន់ដែលទីក្រុងប៉េកាំងបានទាមទារយកសមុទ្រចិនខាងកើតនិងខាងត្បូងជារបស់ខ្លួន។
ប្រទេសចិនបានច្រានចោលការនិទានរឿងនេះម្តងហើយម្តងទៀតដោយអះអាងថា ខ្លួនមានសិទ្ធិទៅលើបូរណភាពទឹកដីនៅតំបន់នោះ និងបានព្រមានថា ប្រទេសលោកខាងលិចមិនគួរ លេងជាមួយភ្លើងឬប្រថុយដល់ សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ដោយចូលរួមសកម្មភាពយោធានៅក្នុងតំបន់នោះទេ៕