ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍ អះអាងថា នៅពេលដែលប្រទេសកម្ពុជា អាចបើកទទួលភ្ងៀវទេសចរជាថ្មី តំបន់ទេសចរណ៍ធម្មជាតិ នឹងពេញនិយមជាងគេ។ ជាពិសេសសហគមន៍អេកូទេសចរណ៍អារ៉ែង និងសហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវាញ ជាគម្រោងទេសចរណ៍ដែលទាក់ទាញបានច្រើនជាងគេ បន្ទាប់ពីជំងឺកូវីដ១៩ ឈានដល់ទីអវសាន។
ដោយសារការរីករាលនៃជំងឺកូវីដ១៩ ធ្វើឱ្យតំបន់ទេសចរណ៍រងនូវផលប៉ះពាល់ ចំនួនទេសចរណ៍បានធ្លាក់ចុះ និងគោលដៅទេសចរណ៍សំខាន់ៗមិនសូវមានអ្នកទៅលេង។ ប៉ុន្តែបច្ចុប្បន្ននេះភ្ញៀវបានចាប់ផ្តើមទៅកម្សាន្តលេងខ្លះៗវិញហើយ ដែលបង្កើតបានជាក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ និងអាជីវករដែលប្រកបមុខរបរវិស័យទេសចរណ៍នេះឡើងវិញ។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា នៅពេលគម្រោងសហគមន៍អេកូទេសចរណ៍ ត្រូវបានបង្កើតឡើង អាចទាក់ទាញភ្ញៀវមកលេងកម្សាន្ត។ លើសពីនេះ គម្រោងនេះជួយដល់ការអភិរក្សសត្វព្រៃ និងព្រៃឈើជាដើម ខណៈដែលការងារជាច្រើនផ្នែកលើសេវាបំរើភ្ញៀវនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាសហគមន៍កាន់តែប្រសើរឡើង។
អ្នកជំនាញអះអាងថា ជាបទពិសោធន៍ការជម្រុញឱ្យប្រជាសហគមន៍ដែលធ្លាប់អាស្រ័យផលពីការបំផ្លាញធនធានធម្មជាតិ ហើយត្រឡប់មកចូលការពារអភិរក្សឡើងវិញ នៅពេលមនុស្សទទួលបានអត្ថប្រយោជន៍ពីធម្មជាតិ ពួកគេនឹងយកចិត្តទុកដាក់បន្ថែមទៀតអំពីព្រៃឈើ និងធនធានធម្មជាតិដទៃទៀតនៅក្នុងតំបន់សហគមន៍របស់ពួកគេ។
គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត បច្ចុប្បន្ន កំពុងត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។ សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដែលសក្តិសមបំផុតសម្រាប់អ្នកទេសចរបែបផ្សងព្រេងរួមមាន ទាំងការកម្សាន្តបែបជិះទូក ជិះកង់ ជិះម៉ូតូ ដើរព្រៃ និងមើលទឹកធ្លាក់ ជាពិសេសការបោះតង់សម្រាកក្នុងព្រៃតែម្ដង៕