ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចពិភាក្សាជាមួយយន្តការ ត្រីភាគី ដែលមានតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប។
យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខចំនួន ១៨៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២០៤ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេង តួលេខចំនួន ១៩២ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២២។
យោងរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការងារ និងស្ថិតនៅក្នុងបរិការនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេស ទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩២ ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លនិង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួន ពី ២១១ (ពីររយដប់មួយ) ដុល្លារអាមេរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារ អាមេរិក ក្នុងមួយខែ ដែលមានន័យថា ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរត្រូវបានដំឡើង៕