ភ្នំពេញ៖ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញទំនិញទៅវៀតណាម ក្នុងរយៈពេល ៨ខែឆ្នាំនេះ មានចំនួន ៣,៥ពាន់លានដុល្លារ ដែលតួលេខនេះ បានកើនឡើងយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននាំចេញរបស់កម្ពុជានេះ ត្រូវបានរុញច្រានដោយផលិតផលសំខាន់ៗចំនួន ៦មុខ ដែលក្នុងនោះ ការនាំចេញគ្រាប់ស្វាយចន្ទី និងកៅស៊ូមានកំណើនខ្ពស់បំផុត។ ការវិនិយោគរបស់វៀតណាម ដែលបានចុះបញ្ជីនៅកម្ពុជា មានចំនួនជាង ២,៨៥ពាន់ លានដុល្លារអាមេរិក ជាពិសេសវិស័យកសិកម្ម រួមទាំងការដាំដើមស្វាយចន្ទី និងកៅស៊ូ។
តួលេខចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រទេសកម្ពុជា រកចំណូលបានជិត ១,៨៣ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៨ ខែឆ្នាំនេះ ដោយបានកើនឡើង ៧,១ដង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូទៅវៀតណាម មានកំណើនចំនួន ៥,៣ដង ខ្ពស់ជាងតួលេខនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៨២១,៨លានដុល្លារ។ ចំណែកការនាំចូលរបស់កម្ពុជា ពីប្រទេសវៀតណាមមកវិញមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣,១៥ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣៨៥,៧៩លានដុល្លារ កាលពីឆ្នាំ ២០២០ កើនឡើង ១៤,៨៨ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសវៀតណាម មានតម្លៃ ២,៦៣៤ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣% ធៀប កាលពីឆ្នាំ ២០១៩៕