ភាគហ៊ុនអេស៊ីលីដា (ABC) បានរក្សាថ្លៃថេរដដែលត្រឹមពេលផ្សារបិទនៅថ្ងៃពុធនេះ ខណៈបានគ្របដណ្តប់ប្រមាណ ៧៩ភាគរយ នៃតម្លៃជួញដូររបស់ទីផ្សារគោលចំនួន ១,២៧ប៊ីលានរៀល។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាភាគហ៊ុនដែលមានការធ្លាក់ចុះខ្ពស់ជាងគេនៅពុធនេះ ដោយមានការធ្លាក់ចុះ ១២០រៀល មកត្រឹម ១៣.៤៨០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិញបានថយចុះ ៦០និង ២០ រៀលរៀងគ្នា។
យ៉ាងណាមិញ ភាគហ៊ុនហ្ក្រនធ្វីន និង ផេសថិក បានកើនឡើង ៦០ និង ៣០រៀល។ ឌីប៊ីឌី នៅលើទីផ្សារកំណើនវិញមានតម្លៃជួញដូរចំនួន ៧១,៣៤ លានរៀល ហើយថ្លៃភាគហ៊ុនមិនមានការប្រែប្រួលឡើយ។
សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,១២ភាគរយ នៅថ្ងៃម្សិលមិញនេះ មកបិទត្រឹម ៤៨៦,២៣ ពិន្ទុ។ គួរបញ្ជាក់ផងដែរថា ទីផ្សារភាគហ៊ុនភាគច្រើនបានប្រែជាពណ៌ក្រហមនៅថ្ងៃនេះ ខណៈអាចពីការកើនឡើងនូវចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ជាមួយនឹងមេរោគបម្លែងថ្មីឌែលតា៕