Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដើម្បីបង្កើនភាពស៊ាំប្រឆាំងមេរោគ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញផែនការសកម្មភាព សម្រាប់អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងមេរោគកូវីដ១៩។

បើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដើម្បីការពារអាយុ ជីវិតប្រជាពលរដ្ឋកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើ សកម្មភាពសង្គម-សេដ្ឋកិច្ច។ ក្នុងនោះយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាយុទ្ធសាស្ត្រ គន្លឹះមួយ ក្នុងការបង្ការ កាត់បន្ថយ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ សំដៅ ឈានឆ្ពោះទៅបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

បច្ចុប្បន្នដោយមានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ក្នុងសហគមន៍ បាននាំមកនូវបញ្ហាប្រឈមថ្មី មួយទៀតដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារការចម្លងរបស់មេរោគនេះមានល្បឿនលឿន បង្កភាពធ្ងន់ធ្ងរ ដល់អ្នកជំងឺ អាចបណ្តាលឱ្យអត្រាស្លាប់ខ្ពស់ជាងប្រភេទមេរោតកូវីដ-១៩ ផ្សេងៗទៀត និងបន្ថយប្រសិទ្ធិភាពនៃវ៉ាក់សាំង។ អ្នក វិទ្យាសាស្ត្រជាច្រើនបានធ្វើការស្រាវជ្រាវ និងបានបង្ហាញទឡឹករណ៍បែបវិទ្យាសាស្ត្រអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដែលបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខក្នុងខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ បំប្លែង ខ្លួនប្រភេទថ្មីៗ ជាពិសេស មេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ហើយប្រទេសមួយចំនួនបានដាក់ចេញនូវយុទ្ធនាការចាក់ វ៉ាក់សាំងដូសជំរុញ។ នៅក្នុងបរិការណ៍នេះ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដែលត្រូវចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២១ រហូតដល់អំឡុងពាក់កណ្ដាលឆ្នាំ២០២២ ដើម្បី ពង្រឹងប្រព័ន្ធការពារឱ្យបានរឹងមាំបន្ថែមទៀត។

រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយ មិនបង់ថ្លៃសម្រាប់ដូសទី១ និងដូសទី២ និងនៅតែបន្តសម្រាប់វ៉ាក់សាំងដូសជំរុញ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមាន លទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថាន សុខាភិបាលឯកជន ដែលទទួលបានការ អនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ ដោយឡែក បណ្តារោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបាន លើកទឹកចិត្តឱ្យចូលរួម ចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់ បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តរភាពនៃកិច្ចដំណើរការផលិតកម្មជាប្រក្រតីនៅក្នុងរោងចក្រ សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។

ការដាក់ចេញឱ្យអនុវត្តនូវ ផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងមេរោគកូវីដ-១៩ រៀបចំឡើងស្របតាមខ្លឹមសារនៃគោលនយោបាយចាក់វាក់សាំងកូវីដ-១៩ ដ្ឋសជំរុញរបស់ រាជរដ្ឋាភិបាល។ ផែនការនេះមានគោលបំណង កាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ ការឈឺ សម្រាកពេទ្យ និងស្លាប់ដែលបណ្តាលមក ពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការគម្រាមកំហែង នៃមេរោគបំប្លែងខ្លួនប្រភេទថ្មីៗ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង។

លោកជំទាវ បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អនុគណៈកម្មការផែនការ និងថវិកានីយកម្ម អនុគណៈកម្មការនានា និងសូមថ្លែង អំណរគុណចំពោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តចំណុះគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ព្រមទាំងការសហការពីអជ្ញាធរមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ប្រជាពលរដ្ឋកម្ពុជាកន្លងមក និងដែលបានផ្ដល់ធាតុចូលក្នុងការកសាងផែនការដ៏មានសារសំខាន់នេះ”។

រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ដល់ប្រជាពលរដ្ឋអាយុ ពី១៨ ឆ្នាំឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ និងជុំទី២ ដល់កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ៥៨,៣៩% នៃប្រជាជនកម្ពុជាសរុប ១៦.៥៩២.០៨៩នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ២ដូស។ ក្រោយបញ្ចប់ យុទ្ធនាការនេះ ប្រទេសកម្ពុជានឹងសម្រេចបានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ២ដូស ប្រមាណ ៧៧%នៃប្រជាជនកម្ពុជាសរុប។ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” សំដៅបង្កើតឱ្យបាននូវភាពសុំសហគមន៍រឹងមាំ ពិតប្រាកដមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្តីប្រកាស លេខ ០១ ស.ប.ក ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ។

ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រជាច្រើនបង្ហាញថា វ៉ាក់សាំងជួយកាត់បន្ថយការឆ្លង ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក្រោយពេលចាក់ពេញលេញតាម របបកំណត់ និងបញ្ជាក់ដែរថា មេរោគបំប្លែងខ្លួនប្រភេទថ្មីៗ ដូចជាមេរោគប្រភេទដែលតា ជាដើម មានសមត្ថភាពបន្ថយប្រសិទ្ធភាពវ៉ាក់សាំង។ ក្នុងបរិបទនេះប្រទេសជាច្រើនបានរៀបចំផែនការ និងប្រទេស មួយចំនួនទៀតកំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយប្រើប្រាស់ «របបចាក់វ៉ាក់សាំងចម្រុះនិងចុះសម្រុងគ្នា រវាងប្រភេទវ៉ាក់សាំងផ្សេងគ្នានៃដួសទី១ ទី២ និងដូស ជំរុញ (តារាង ១.១) ពីព្រោះរបបចាក់វ៉ាក់សាំងបែបនេះ ជួយបង្កើនភាពឆ្លើយតបនៃអង្គបដិប្រាណខ្ពស់ ជាងការចាក់វ៉ាក់សាំងប្រភេទដូចគ្នា ។ រីឯការសិក្សាស្រាវជ្រាវផ្សេងទៀតបញ្ជាក់ថា “របបចាក់វ៉ាក់សាំង ប្រភេទដូចគ្នា” ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ សម្រាប់ ដូសទី១, ទី២ និងដូសជំរុញ ក៏ជួយ បង្កើនអង្គបដិប្រាណ កើនឡើងខ្ពស់ទប់ទល់នឹងមេរោគកូវីដ-១៩ ដោយរាប់បញ្ចូលទាំងមេរោគបំប្លែង ខ្លួន ហើយដូសទី៣ ឬដូសជំរុញនេះ ក៏មិនបង្កឱ្យមានផលរំខានច្រើនដែរ ដូចជាការចាក់ដូសទី៣ ន វ៉ាក់សាំង AstraZeneca ៦ ខែក្រោយការចាក់ដូសទី២ ឬការចាក់វ៉ាក់សាំង Sinovac ៦ ខែក្រោយការ ចាក់ដូសទី២ ជាដើម។

ក្រៅពីទឡ្ហីករណ៍ខាងលើនេះ ក្រុមសិក្សាស្រាវជ្រាវឯកសារនៃក្រសួងសុខាភិបាលកម្ពុជា ក៏បានរកឃើញ និងធ្វើការសន្និដ្ឋានថា៖ (១) កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគគូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ ជាទូទៅ ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួច (២)គម្លាត ពេលវេលាសមស្របសម្រាប់ការចាក់ដូសជំរុញ គប្បីមានរយៈពេលប្រមាណពី ៦-៨ខែ ក្រោយពេលចាក់វ៉ាក់សាំងគ្រប់ដូស និង(៣) “របបចាក់វ៉ាក់សាំងចម្រុះនិងចុះសម្រុងគ្នា» ឬ “របបចាក់វ៉ាក់សាំង ប្រភេទដូចគ្នា បង្កើនអង្គបដិប្រាណកម្រិតខ្ពស់ ហើយក៏មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខាន ដែលបង្កឡើងដោយប្រភេទវ៉ាក់សាំងនីមួយៗដែរ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×