ដូចដែលប្រិយមិត្តបានដឹង និងគួរឲ្យស្លុតចិត្តជាខ្លាំងរួចហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អតីតតារាចម្រៀងក្រុម EV Band លោក សែម សង្វាត បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ទាំងដែលគ្រប់គ្នាក្នុងអារម្មណ៍ហាក់គ្មានសង្ឃឹមសោះឡើយ ខណៈឃើញស្ថានភាពរបស់លោកធ្ងន់ធ្ងរដំណាក់កាលចុងក្រោយទៅហើយ។
ដោយឡែក នៅព្រឹកនេះ (ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១) បើយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ សុិន សាវន បានឲ្យដឹងពីដំណឹងដ៏ក្រៀមក្រំបែបនេះថា លោក សែម សង្វាត បានទទួលមរណភាពហើយ កាលពីនៅវេលាម៉ោង 12:10 នាទី រំលងអាធ្រាត្រចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយ។
សង្ឃឹមថា ដំណឹងដ៏គួរឲ្យសោកស្តាយនេះ នឹងបានដឹងដល់អតីតមិត្តរួមក្រុមរបស់លោកដែលមានអ្នកនាង យក់ ថិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលគ្រួសារអ្នកទាំងពីរមានជីវភាពធូរធារ និងក៏ដូចអ្នកសិល្បៈដទៃទៀត មេត្តាចូលរួមជួយសម្រាលដល់ពិធីបុណ្យសពគាត់ផង។
គួរបញ្ជាក់ថា លោក សែម សង្វាត គឺជាអតីតតារាចម្រៀងក្នុងក្រុម EV Band ដ៏ល្បីឈ្មោះតាំងពីអំឡុងឆ្នាំ២០០១ ដែលមានទឹកសំឡេងផ្អែមស្រទន់ ហើយរាល់បទចម្រៀងរបស់លោក គឺនៅតែដក់ជាប់នៅក្នុងដួងចិត្តមហាជន មកទល់សព្វថ្ងៃផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











