អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រីផាក ហ្គ័នហេ ត្រូវបានតុលាការក្រុងសេអ៊ូលកាត់ទោសឲ្យជាប់គុករយៈពេល ២៤ឆ្នាំ ពីបទរំលោភអំណាច និងការប្រើប្រាស់អំណាចបង្ខិតបង្ខំ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្តិច។
អ្នកស្រីក៏ត្រូវបានតុលាការផាកពិន័យជាទឹកប្រាក់ចំនួន ១៧លានដុល្លាផងដែរ។
អតីតមេដឹកនាំរូបនេះមិនបានចូលខ្លួនមកក្នុងសវនាការដើម្បីស្តាប់សាលក្រមរបស់តុលាការ នៅថ្ងៃសុក្រនេះទេ។ អ្នកស្រីបានធ្វើពហិការសវនាការ ហើយអ្នកស្រីពីមុនធ្លាប់ចោទប្រកាន់តុលាការថាធ្វើការលំអៀងប្រឆាំងនឹងអ្នកស្រី។
អ្នកស្រីបដិសេធរាល់ការចោទប្រកាន់ទាំងអស់ និងបានលើកឡើងថា អ្នកស្រីមិនបានធ្វើអ្វីខុស នោះទេ។
សូមបញ្ជាក់ថា អ្នកស្រីផាក ដែលញាំញីដោយរឿងអាស្រូវពុករលួយរហូតធ្វើឲ្យអ្នកស្រីធ្លាក់ពីតំណែងត្រូវបានតុលាការរងឃើញថា បានផ្សំគំនិតជាមួយនឹងមិត្តភក្តិជិតស្និទរបស់ខ្លួនឈ្មោះ Choi Soon-sil ដើម្បីដាក់សម្ពាធលើម្ចាស់ក្រុមហ៊ុនធំៗជាច្រើន ដើម្បី ទទួលបានសំណូកសំរាប់ការគាំទ្រផ្នែកនយោបាយ៕ សុភ័ក្ត្រ