សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងបន្តមានកាន់តែខ្លាំងពីថ្ងៃមួយទៅមួយថ្ងៃ។ នៅថ្ងៃសុក្រ ទី៦ មេសា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រាប់ទៅក្រសួងពាណិជ្ជកម្មអាមេរិកឲ្យរៀបចំបញ្ជីឈ្មោះទំនិញចិនដែលត្រូវដំឡើងពន្ធបន្ថែមឲ្យដល់ទឹកប្រាក់ ១០០ ០០០លានដុល្លារ។ នេះជាវិធានការលើកទី២ បន្ទាប់វិធានការលើកទី១ ក្នុងថ្ងៃទី៣ មេសាដែលលោកត្រាំបានដំឡើងពន្ធលើផលិតចិនមានទឹកប្រាក់សរុប ៥០ ០០០លានដុល្លារ។ ចិនបានចាត់វិធានការបកវិញដូចគ្នា និងបានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងអំពាវនាវអឺរ៉ុបឲ្យរួមដៃគ្នាប្រឆាំងនឹងនយោបាយការពារនិយមរបស់លោកត្រាំ។ ចំណែកលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ហ្កាវ ហ្វេងបានព្រមានត្រង់ៗថា ចិននឹងត តាំងអាមេរិកដល់ទឹកចុងក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោកបានបញ្ជាដល់អ្នកតំណាងពាណិជ្ជកម្មស.រ.អា.ឱ្យពិចារណាអំពីការយកពន្ធគយបន្ថែមនៅក្រោយប្រទេសចិនបានចេញផ្សាយបញ្ជីនៃទំនិញស.រ.អា.ដោយមានរួមបញ្ចូលទាំងសណ្តែកសៀង និងយន្តហោះតូចៗផង មានទឹកប្រាក់៥០ពាន់លានដុល្លារសម្រាប់ការដំឡើងពន្ធដារ។ ស.រ.អា.បានស្នើឱ្យមានការដកពន្ធដារលើទំនិញចិនមានទឹកប្រាក់៥០ពាន់លានដុល្លារកាលពីដើមសប្តាហ៍នេះ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះថា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែទទូចនៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងពណ៌នាថាជាការការពារផលិតផលក្នុងប្រទេសនោះ ប្រទេសចិននឹង«វាយប្រហារតបតជាដាច់ខាតរហូតដល់ទីបញ្ចប់ហើយទោះជាក្នុងតម្លៃណាក៏ដោយ»។
« ទាក់ទងនឹងពាណិជ្ជកម្មរវាងចិន និងអាមេរិក ជំហររបស់ចិនគឺច្បាស់ណាស់។ យើងមិនចង់មានសង្គ្រាមពាណិជ្ជកម្មជាដាច់ខាត ទោះបីក្រោមរូបភាពណាមួយក៏ដោយ។ ក៏ប៉ុន្តែ យើងក៏មិនខ្លាចនឹងសង្គ្រាមនោះដែ។
យើងនឹងរង់ចាំស្តាប់ និងចាំមើលថា តើសង្គ្រាមមួយនេះនឹងបន្តមានយ៉ាងដូចម្តេច និងលាតសន្ធឹងទៅដល់ណា។ ប្រសិនបើអាមេរិកបន្តធ្វើមិនអើពើនឹងការប្រឆាំងរបស់ចិន និងរបស់សហគមន៍អន្តរជាតិ រួចនៅតែព្យាយាមចាត់វិធានការជាលក្ខណៈឯកតោភាគី និងការពារនិយម នោះចិនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការតបវិញរហូតដល់ទឹកចុងក្រោយ ទោះបីជាត្រូវបង់តម្លៃប៉ុន្មានក៏ដោយ ហើយប្រាកដណាស់ យើងនឹងចាត់វិធានការថ្មីដើម្បីសងសឹកវិញ ក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រទេស និងប្រជាជនចិន »។
លោក ត្រាំ បាននិយាយថា «ដោយមិនបានកែតម្រូវការប្រព្រឹត្តឆ្គាំឆ្គងរបស់ខ្លួន ប្រទេសចិនបានជ្រើសរើសការធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ក្រុមកសិករនិងពួកអ្នកផលិតប្រដាប់ប្រដាប្រើប្រាស់របស់យើង»៕