ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៣០ កញ្ញា រំលងចូលថ្ងៃទី១ តុលា វេលាម៉ោង១២ និង ១០នាទី តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពដោយសារជំងឺប្រហារីកថ្លើម ដំណាក់កាលចុងក្រោយ ហើយដំណឹងមរណភាពនេះ ក៏បានធ្វើឲ្យមហាជមានការស្លុតចិត្ត អាណិតអាសូរដល់រូបលោកយ៉ាងខ្លាំង ដោយសារតែលោកបានខិតខំប្រឹងលក់ផ្លែឈើ ទាំងក្នុងសភាពជំងឺរួមរឹតកាយគ្មានថ្ងៃណាធូរស្បើយ ដើម្បីបានប្រាក់ចិញ្ចឹមកូនៗនៅក្នុងបន្ទុក និងថ្នាំពេទ្យខ្លួនឯង។
នេះបើតាមបងស្រីបង្កើតរបស់លោក បានប្រាប់ទៅកាន់លោក អុឹម ជីវ៉ា នៅក្នុងពិធីបុណ្យសពនៅក្នុងវត្តទឹកថ្លា ឲ្យដឹងថា លោក សែម សង្វាត បានបៀមទុក្ខជាមួយជំងឺក្រិនថ្លើម អស់រយៈពេលជិត ២០ ឆ្នាំ ហើយ តាំងតែពីកូនច្បងរបស់លោកពុំទាន់កើតម្ល៉េះ។ តែទោះយ៉ាងណា លោកបានខិតខំតស៊ូរកលុយទាំងឈឺ ដើម្បីកូនៗ។ ប៉ុន្តែ ដោយសារជំងឺកាន់តែវិវត្តន៍ខ្លាំង លោកបានលក់ផ្លែឈើតាមអនឡាញ គឺគ្រាន់តែដើម្បីប្តូរនឹងថ្នាំពេទ្យប៉ុណ្ណោះ។ នៅពេលខ្លះ លោកទៅយកផ្លែឈើ ទាំងដួលសន្លប់ក៏មាន ពោលគឺជីវិតរបស់លោកកំសត់ខ្លាំងណាស់។
ចំណែក កូនប្រុសច្បងរបស់លោកវិញ ក៏បានរៀបរាប់ទាំងរំជួលចិត្តថា ឪពុករបស់ខ្លួនបានឈឺជំងឺក្រិនថ្លើម ៧០% និងក្រៅពីនេះជំងឺក្រពះរ៉ាំរ៉ៃ ។ ហើយអ្វីដែលគួរឲ្យសង្វេគជាពន់ពេកនោះ គឺមុនពេលលោកសែម សង្វាត បានទទួលមរណភាព កូនប្រុសរបស់លោក បានប្រាប់ថា «លោកប៉ាតែងប្រាប់ថា នៅពេលគាត់ឈឺមិនបាច់យកទៅពេទ្យទេ ព្រោះអីលុយយើងអស់ហើយ ណាមួយគាត់ដឹងច្បាស់ថាខ្លួនគាត់មិនអាចទប់ទល់និងជំងឺរួមរឹតនេះបានតទៅទៀត…»។
គួរបញ្ជាក់ផងដែរថា លោក សែម សង្វាត គឺជាអតីតសមាជិកក្រុម EV Band ដែលមានឈ្មោះល្បីកាលអំឡុងឆ្នាំ២០០១ មកម្ល៉េះ។ ប៉ុន្តែ ខណៈកំពុងល្បី ស្រាប់តែលោកបានស្ងាត់បាត់មុខពីសិល្បៈឈឹងតែម្តង ដោយមិនដឹងថាលោកទៅប្រកបមុខរបរអ្វីនៅទីណានោះទេ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក សែម សង្វាត បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយអារម្មណ៍ដ៏រន្ធត់ចិត្ត ខណៈឃើញលោកបង្ហាញមុខមាត់នៅលើបណ្តាញសង្គម ជាមួយរូបកាយស្គមស្គាំងខ្លាំង ប៉ុន្តែ ក៏មិនបានឲ្យដឹងថាលោកកំពុងមានជំងឺប្រភេទអ្វី ហើយទាល់តែលោកផុតទុក្ខ ទើបដឹងថាដោយសារមហារីកថ្លើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










