Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តក្របខ័ណ្ឌការ រៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន ដើម្បីអនុញ្ញាតឱ្យសកម្មភាពធ្វើដំណើរ និងអាជីវកម្មនៅទូទាំងតំបន់

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តក្របខ័ណ្ឌការ រៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីអនុញ្ញាតឱ្យសកម្មភាពធ្វើដំណើរ និងអាជីវកម្មនៅទូទាំងតំបន់វិលត្រឡប់មករកប្រក្រតីភាពឡើងវិញជាបណ្តើរៗ ដោយមិនប៉ះពាល់ ដល់សុវត្ថិភាពសុខភាពសាធារណៈ ហើយឯកឧត្តមទន្ទឹងរង់ចាំការបង្កើតឱ្យបានឆាប់នូវក្រុមការងារ អចិន្ត្រៃយ៍ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន។

ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០។ បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ និងកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ តាមប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (24″ APSC) កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តថ្មីៗនៃការងាររបស់ស្ថាប័នតាមវិស័យនៅក្នុង សសរស្ដម្ភនយោបាយ និងសន្តិសុខ (APSC) និងបានស្វាគមន៍ចំពោះវឌ្ឍនភាពសំខាន់ៗដែល សម្រេចបាននៅក្នុងការអនុវត្តផែនការលម្អិត APSC ឆ្នាំ២០២៥ ទោះបីមានការរាំងស្ទះដោយជំងឺ កូវីដ-១៩ ក៏ដោយ។ កិច្ចប្រជុំបានឯកភាពដាក់របាយការណ៍របស់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង លើកទី៣៩ ដើម្បីធ្វើការកត់សម្គាល់។ ក្នុងដំណើរឆ្ពោះទៅមុខ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ អំពីសារៈសំខាន់ក្នុងការអនុវត្តការងារដែលនៅសេសសល់ ស្ថិតក្រោមផែនការលម្អិត APSC នេះ ដើម្បីធានាបាននូវដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយប្រសិទ្ធភាព។

រដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីបញ្ហានានាជាចំណាប់អារម្មណ៍ និងកង្វល់រួមគ្នា ដែល មានសារៈសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីអាស៊ានបានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់អាស៊ាន ដើម្បីថែរក្សាឱ្យបានមជ្ឈភាព និងឯកភាពរបស់អាស៊ាន នៅក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន និងលើកកម្ពស់ជំនឿទុកចិត្តរវាងអាស៊ាន និងដៃគូខាងក្រៅ។ កិច្ចប្រជុំក៏បានឯកភាពគ្នាផងដែរធ្វើការលើកទឹកចិត្តឱ្យយុវដ ចូលរួមកាន់តែទូលំទូលាយ នៅក្នុងការកសាងសន្តិភាព និងសន្តិសុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត អបអរសាទរចំពោះវិឌ្ឍនភាពនានាដែលសម្រេចបាននៅក្នុងការអនុវត្តផែនការលម្អិត APSC។ ឯកឧត្តម បានសម្តែងនូវក្តីបារម្ភថា ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច អាចនឹងជំរុញឱ្យមានការរត់ប្រណាំងសព្វាវុធ និងបង្កអស្ថិរភាពដល់សន្តិភាពក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការថែរក្សាឱ្យបាននូវគោលការណ៍នានារបស់អាស៊ានក្នុងការរក្សាបានតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងប្រាំ។ ឯកឧត្តម បានជម្រាបជូនកិច្ចប្រជុំអំពីកម្មវិធី «មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)» ដែលបានរៀបចំនាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ សកម្មភាពនានារបស់មជ្ឈមណ្ឌលចំពោះទិដ្ឋភាពមនុស្សធម៌ក្នុងការបោសសម្អាតមីន។

ឯកឧត្តម ក៏បានសម្តែងនូវ ការព្រួយបារម្ភអំពីសុវត្ថិភាពការងារ និងសុខុមាលភាព របស់ពលករចំណាកស្រុកដែលកំពុងតែធ្វើការ នៅក្នុងតំបន់ ហើយបានគូសបញ្ជាក់នូវការគាំទ របស់កម្ពុជាចំពោះអនុសាសន៍របស់វេទិកាអាស៊ាន ស្តីពីការងារពលករចំណាកស្រុកលើកទី១៤ (14 AFML) ដើម្បីផ្ដល់ការការពារផ្នែកសង្គមកិច្ចដល់ពលករចំណកស្រុក និងកៀងគរ ការគាំទ្រជាអន្តរជាតិសម្រាប់កម្មវិធីបណ្តុះបណ្តាលបន្ដ និង ជំនាញថ្មី (upskill and reskill)។

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (30th ACC)

រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្លាស់ប្តូរទស្សនៈគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជាពិសេសក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជយ របស់អាស៊ាន (ACRF) ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការបម្រុងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ភាពបន្ទាន់ផ្នែក សុខភាពសាធារណៈក្នុងតំបន់អាស៊ាន (ARRMS) ក្នុងចំណោមគំនិតផ្តួចផ្ដើមផ្សេងៗទៀត។

រដ្ឋមន្ត្រីអាស៊ានបានឯកភាពដាក់ចេញនូវធនធានបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបាននូវ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីបានចែក រំលែកទស្សនៈអំពីតម្រូវការចាំបាច់ក្នុងការពន្លឿនកិច្ចការអាទិភាព ដូចជាការបើកឡើងវិញនៃការធ្វើ ដំណើរឆ្លងដែនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តនៅក្នុងតំបន់ ការបង្កើនការតភ្ជាប់ សេដ្ឋកិច្ច ឌីជីថល និងនវានុវត្តន៍។

រដ្ឋមន្ត្រីបានទទួលស្គាល់ថា ក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) និងការបម្រុងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈក្នុងតំបន់ អា ស៊ាន (ARRMS) ពិតជាមានសារៈសំខាន់សម្រាប់ប្រែក្លាយតំបន់ឱ្យវិលត្រឡប់ទៅរក ប្រក្រតីភាពជាបណ្តើរៗឡើងវិញ និងដើម្បីបង្កើនការត្រៀមខ្លួនរបស់អាស៊ានសម្រាប់វិបត្តិសុខភាព ក្នុងតំបន់ពេលអនាគត។ ក្នុងន័យនេះ រដ្ឋមន្ត្រីបានលើកទឹកចិត្តគំនិតផ្តួចដើមទាំង២នេះឆាប់មានដំណើរការ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះ វឌ្ឍនភាពនៃការអនុវត្ត ACRF និងបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃក្របខ័ណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព ក៏ដូចជាគោលការណ៍ណែនាំសម្រាប់ការចូលរួមពីភាគី ពាក់ព័ន្ធផ្សេងៗ និងដៃគូខាងក្រៅដែលមានបំណងគាំទ្រក្របខ័ណ្ឌនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យបញ្ចប់បានឆាប់នូវការជ្រើសរើសប្រទេស ជាម្ចាស់ផ្ទះ និងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺ ដែលកំពុងកើតមាន (ACPHEED) ដើម្បីរួមចំណែកដល់ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងតំបន់ ដែលជាវិស័យចម្បងក្នុងចំណោមវិស័យយុទ្ធសាស្ត្រធំៗទាំង៥ នៃក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន (ACRF)។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តក្របខ័ណ្ឌការ រៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីអនុញ្ញាតឱ្យសកម្មភាពធ្វើដំណើរ និងអាជីវកម្មនៅទូទាំងតំបន់វិលត្រឡប់មករកប្រក្រតីភាពឡើងវិញជាបណ្តើរៗ ដោយមិនប៉ះពាល់ ដល់សុវត្ថិភាពសុខភាពសាធារណៈ ហើយឯកឧត្តមទន្ទឹងរង់ចាំការបង្កើតឱ្យបានឆាប់នូវក្រុមការងារ អចិន្ត្រៃយ៍ ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន។

ចំពោះសំណើចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ទីម័រឡេស្ត ហើយបានលើកទឹក ចិត្តដល់សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ពន្លឿន បេសកកម្មស្វែងរកការពិតរបស់ខ្លួន ដើម្បីអាចឱ្យអាស៊ានបង្កើតផែនទីបង្ហាញផ្លូវ និងកាលវិភាគ សមស្របសម្រាប់ប្រទេសទីម័រឡេស្តចូលជាសមាជិកអាស៊ាន។ ឯកឧត្តម ក៏បានសម្តែងការ គាំទ្រឱ្យមានទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសទីម័រឡេស្ត ក្នុងកម្មវិធីពង្រឹងសមត្ថភាពផ្សេងៗ ដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)

កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន រួមមានកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង សហគមន៍អាស៊ាន ទិដ្ឋភាពនយោបាយ និងសន្តិសុខ បញ្ហានានាពាក់ព័ន្ធនឹងទំនាក់ទំនងខាងក ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិបន្ទាន់ផ្សេងៗទៀត ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពនៅក្នុងការសម្រេចបានសមិទ្ធផល សំខាន់ៗរបស់អាស៊ានក្នុងឆ្នាំ២០២១ និងទន្ទឹងរង់ចាំចំពោះការអនុម័តនូវសមិទ្ធផលទាំងនេះ ដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការពង្រឹង និងពង្រីកការចូលរួមប្រកប ដោយការស្ថាបនាជាមួយដៃគូខាងក្រៅអាស៊ាន។ កិច្ចប្រជុំបានឯកភាពគ្នាលើការចាប់ផ្ដើមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស និងការរៀបចំផែនការសកម្មភាពអាស៊ាន-ចក្រភព អង់គ្លេស រយៈពេល៥ឆ្នាំ។ អង្គប្រជុំបានឯកភាពថា ប្រទេសព្រុយណេដារ៉ូស្សាឡាម នឹងធ្វើជាប្រទេស សម្របសម្រួលដំបូងសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-ចក្រភពអង់គ្លេស ឆ្នាំ២០២១-២០២៤។ កិច្ចប្រជុំក៏បានឯកភាពលើសំណើរបស់ប្រទេសចិននិងរុស្ស៊ី ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ ទំនងអាស៊ាន-ចិន និងអាស៊ាន-រុស្ស៊ី នៅឆ្នាំនេះ។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់និងអន្តរជាតិនានា ហើយបាន បញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារួមក្នុងការរក្សាស្មារតីនៃតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ (ZOPFAN) សន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ការរំសាយ អាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទនៃនិម្មាបនកម្មតំបន់ដែលមានការវិវត្ត ដែលត្រូវបានរារាំងដោយការ ប្រកួតប្រជែងនិងភាពតានតឹងរវាងប្រទេសមហាអំណាច។

រដ្ឋមន្ត្រីបានពិភាក្សាអំពីមធ្យោបាយ ដើម្បីពន្លឿនការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ាន ប្រកបដោយភាពរលូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីសម្រេច បានវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន មិនមែន ត្រឹមតែជាការផ្តល់ជំនួយសង្គ្រោះនោះទេ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ប្រទេសព្រុយណេ ដារ៉ូស្សាឡាម ដែលបានដឹកនាំធ្វើជាប្រធានអាស៊ានឆ្នាំ២០២១. សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើន ចំពោះទំនាក់ទំនងខាងក្រៅ ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-រុស្ស៊ី ឯកឧត្តម បានជម្រាបជូនអង្គប្រជុំអំពីកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ នាពេល ខាងមុខ និងឯកសារលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីពីការ គាំទ្ររបស់កម្ពុជាចំពោះសំណើបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងជាមួយប្រទេស ចិន និងអូស្ត្រាលី។

ចំពោះបញ្ហាតំបន់និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភ អំពីការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងមហាអំណាច ដែល អាចបង្កអន្តរាយដល់ស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់។ ឯកឧត្តម បានបញ្ជាក់សាជាថ្មីពី សារៈសំខាន់នៃការប្រកាន់ខ្ជាប់ចំពោះគោលបំណង និងគោលការណ៍ ដែលបានកំណត់ក្នុង ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) តំបន់ សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN) សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធ នុយក្លេអ៊ែ (SEANWFZ) និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។ ចំពោះបញ្ហាមីយ៉ាន់ម៉ា និងការអនុវត្តការព្រមព្រៀងជាជាឯកច្ឆ័ន្ទ៥ចំណុច ឯកឧត្តម ក៏បានចែក រំលែកនូវបទពិសោធន៍ដ៏សំខាន់ៗ ស្តីពីដំណើរការរយៈពេលវែង និងជោគជ័យនៃការស្វែងរកច សន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×