Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការ អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទជាបណ្តោះអាសន្ន មិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹក នៅទំនប់បង្ហៀរអន្លង់ជ្រៃ

ត្បូងឃ្មុំ ៖ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទជាបណ្តោះអាសន្ន មិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។ នេះបើតាមការផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីជូនដំណឹង៖ ស្ដីពីការផ្អាកការចូលកំសាន្ដក្នុងតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ចាប់ពីថ្ងៃ៧ ខែតុលា ឆ្នាំ២០២១នេះ។

អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចផ្អាកជាបណ្តោះអាសន្នការចូលលេងកំសាន្ត ក្នុងតំបន់រមនីយដ្ឋានអង្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះតទៅ។

ដោយហេតុមានការប្រមូលផ្ដុំមនុស្សច្រើន អាជីវករលក់ដូរ និងបងប្អូនប្រជាពលរដ្ឋដែលទៅកំសាន្ដនៅរមណីយដ្ឋានខាងលើនេះ ពុំចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវវិធានការ «៣ការពារ ៣កុំ» ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ។

ក្នុងន័យនេះ សូមឲ្យបងប្អូនអាជីវករដែលលក់ដូរនៅទីនោះ និងបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់អាជ្ញាធរ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ មេត្តាជ្រាប និងសហការអនុវត្តឱ្យបានល្អ។

បើតាម ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅរមណីយដ្ឋានអន្លង់ជ្រៃ ឬទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលាម្សិលមិញ។

លោក អភិបាលស្រុក បញ្ជាក់ថានៅថ្ងៃនេះ ក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ យ៉ាងច្រើនកុះករដូចកាលពីម្សិលមិញដែរ។ ដោយឃើញស្ថានភាពបែបនេះ លោកបានសុំគោលការណ៍ ទៅកាន់គណៈបញ្ជាការឯកភាពខេត្ត ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សម្រេចឲ្យអាជ្ញាធរស្រុក បិទជាបណ្តោះអាសន្ន ព្រោះពលរដ្ឋ មិនអនុវត្តន៍ «៣កុំ ៣ការពារ» ឲ្យបានត្រឹមត្រូវ។

លោក លី សុភាលីន បញ្ជាក់ថា ភ្ញៀវទេសចរមកច្រើនកកកុញបែបនេះ ដោយសារមកពីបណ្តាខេត្តក្បែរនេះ ដូចជាព្រៃវែង និងស្វាយរៀងជាដើម។ ពលរដ្ឋច្រើនពិតមែន តែបានពាក់ម៉ាសត្រឹមត្រូវផងដែរនៅផ្នែកខាងក្រៅកន្លែងលេងទឹក។ ដោយឡែក ដោយសារតែទីតាំងទឹកហូរនៅផ្នែកខាងក្នុងមានប្រវែងត្រឹមតែប្រមាណ៣០ទៅ៥០ម៉ែត្រ ដែលបណ្តាលឲ្យមនុស្សកកកុញ ប្រមាណ១០០ទៅ២០០នាក់ និងបានដោះម៉ាសលេងទឹក។

លោក បញ្ជាក់ទៀតថា ក្នុងការចុះទៅនោះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្ត ក៏បានចែកនូវម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាលជាបន្ដបន្ទាប់ផងដែរ។

យ៉ាងណាក៏ដោយ ទាំងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅទំនប់បង្ហៀរអន្លង់ជ្រៃនោះ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅទីតាំងកម្សាន្ដសប្បាយនោះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×