ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងគ្នា២នាក់ទៀត បានបើករថយន្តម៉ាកព្រូស មួយគ្រឿង ចុះពីលើស្ពានឥន្ធនូក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តBMW ចំពីចំហៀងមុខខាងស្តាំ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងកោះពេជ្រជាប់គល់ស្ពានឥន្ធនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយន្តម៉ាកBMWមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BG-8722 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែគេឃើញបុរសម្នាក់ រួមដំណើរជាមួយគ្នា២នាក់ទៀត បានបើករថយន្តម៉ាកព្រូស ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2AX -7298 បើកបរឡើងស្ពានឥន្ធនូ បម្រុងចូលទៅក្នុងកោះពេជ្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុ.ករថយន្តម៉ាក BMW ចំពីចំហៀងខាងមុខពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទាតទៅមុខជាច្រើនម៉ែត្រ រងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយឡែកភាគីរថយន្តបង្ក មិនចង់វែងឆ្ងាយ ព្រមសងជាសំណងជួសជុល ទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សាមេត






