Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហិរញ្ញប្បទាន ៣០ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រការឆ្លើយតបនឹងជំងឺកូវីដ១៩ របស់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី ៨ តុលា ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣០ លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាខណៈពេលមានការកើនឡើងនៃការឆ្លងថ្មីនិងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩ ។

ជំនួយនេះរួមមានប្រាក់កម្ចី ២៥ លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការ ការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន ៨១ នៅទូទាំងប្រទេស។ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ(Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន ១៤ ។ វារួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានមានប្រសាសន៍ថា ”ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និង គំរាមកំហែងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ។ គម្រោងនេះនឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និង រួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ។”

កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍ មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១មក ។ គិតត្រឹមថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១១៣.៤៧៥ នាក់ និង ស្លាប់ចំនួន ២.៤០៦ នាក់។ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ដោយបានចាក់អស់ចំនួនប្រមាណ ២២,២ លានដូសគិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ។

ដោយសារការគំរាមកំហែងដែលបង្កឡើងដោយការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោងនេះដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ពេលវេលា។ គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និង គាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។

គម្រោងនេះអនុវត្តតាម យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួម ចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការឆ្លើយតបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×